(ព្រះសីហនុ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងបណ្តាញព្រះវិហារត្រីស្ទបរិស័ទកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្ដីពីការត្រួតពិនិត្យរឿងញៀនក្នុងវិស័យគ្រឹស្ទសាសនា។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគឿងញៀន, លោក គង់ វីតាណៈ អភិបាលរង និងប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំ គង្វាល គ្រឹះបរិស័ទ និងនិស្សិតនៃសាកលវិទ្យាល័យឡាយហ្វេ ចំនួនជាង២០០នាក់។
លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រឹះបរិស័ទកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្តព្រះសីហនុ ដែលបានបណ្តុះបណ្តាលដល់វិស័យគ្រីស្ទសាសនា ដេីម្បីឱ្យមានការយល់ដឹង និងជួយផ្សព្វផ្សាយបន្តដល់គ្រឹះបរិស័ទ ដែលមានរហូតដល់៥០០កន្លែង ក្នុងខេត្តព្រះសីហនុ។
ក្នុងនាមអភិបាលខេត្ត, លោក គង់ វីតាណៈ បានស្តែងនូវការសប្បាយរីករាយចំពោះគ្រប់ផ្នែកទាំងអស់ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយអាជ្ញាធរខេត្តព្រះសីហនុ សំដៅពង្រឹងបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងភាពសុខដុមរមនាជូនប្រជាពលរដ្ឋ។
ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានថ្លែងនូវការអរគុណ និងកោតសសេីរ ដល់កិច្ចខិតខំរបស់អាជ្ញាធរខេត្តព្រះសីហនុ បង្ការបង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ ជាពិសេសការចូលរួមអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ដំណាក់កាលភូមិ ឃុំ សុវត្ថិភាព នាំមកនូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសេីរបម្រេីជូនប្រជាពលរដ្ឋពិសេសអ្នកទេសចរណ៍ទាំងក្នុង និងក្រៅស្រុកដែលមកទស្សនាខេត្តព្រះសីហនុ ដែលជាខេត្តទេសចរណ៍តារារះទិសនារតី ដ៏ស្រស់ឆេីតឆាយ៕