(កណ្តាល)៖ លោក រស់ ភីរុណ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយជ្រំ តំណាងរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូ រំដោះទឹកធម្មជាតិ ប្រវែង ១.១០៤ ម៉ែត្រ នៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងមានការចូលរួមឧបត្ថម្ភ ពីសំណាក់សប្បុរសជន នៅក្នុងមូលដ្ឋានឃុំស្វាយជ្រំផងដែរ ។

លោកបានគូសបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកធម្មជាតិនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាជនក្នុងឃុំស្វាយជ្រំ ដែលកើតចេញពី «សន្តិភាព និងការអភិវឌ្ឍជាតិ មាតុភូមិ ក្រោមនយោបាយ ឈ្នះ-ឈ្នះ» របស់រាជរដ្ឋាភិបាល និងកិច្ចសហការល្អ រវាងអាជ្ញាធរមូលដ្ឋានឃុំស្វាយជ្រំ និងក្រុមការងារចុះមូលដ្ឋាន ឃុំស្វាយជ្រំ ព្រមទាំងការចូលរួមចំណែកពីវិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្របតាមមាគ៌ាដឹកនាំ របស់រាជរដ្ឋាភិបាល ដោយផ្ដោតអាទិភាព ទៅលើការលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ តាមរយៈអាទិភាពចំនួន ៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ ៖ មនុស្ស ផ្លូវ ទឹក និង ភ្លើង ដែលសំដៅការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ ។

ការសាងសង់ប្រព័ន្ធលូរំដោះទឹកនេះ ស្ថិតនៅទីតាំងដែលទទួលរងនូវផលប៉ះពាល់ខ្លាំងពីការលិចនៃជំនន់ទឹកភ្លៀងនារដូវវស្សា នៅតាមបណ្តាយផ្លូវខ្សែទី២ ក្នុងភូមិស្វាយជ្រំប្រវែង ១.១០៤ម៉ែត្រ គិតចាប់ពីព្រំប្រទល់ភូមិបារាជ ដល់មាត់ព្រែកជាប់វត្តស្វាយជ្រំ ដែលកន្លងមក ជាពិសេសនៅរដូវវស្សា ទឹកភ្លៀងតែងតែជន់លិចផ្លូវ និងទឹកហូរចូលក្នុងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបង្ករជាការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ការប្រកបអាជីវកម្ម និងការរស់នៅប្រចាំថ្ងៃ ព្រមទាំងធ្វើឱ្យមានការប៉ះពាល់ដល់អានាម័យ បរិស្ថាន និងសោភ័ណ្ឌភាពក្នុងឃុំផងដែរ។

ជាមួយគ្នានេះដែរ លោកបានពាំនាំនូវមតិផ្ដាំផ្ញើ និង សួរសុខទុក្ខពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ចង្អុលបង្ហាញ និង ដឹកនាំជាប្រចាំសម្រាប់ការអភិវឌ្ឍន៍ មូលដ្ឋានឃុំស្វាយជ្រំ ដោយទទួលនូវសមិទ្ធផលធំៗជាច្រើន ជាពិសេសការកសាង និងជួសជុលប្រព័ន្ធផ្លូវ គមនាគមន៍នៅក្នុងឃុំ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានសំណូមពរ ឱ្យមានកិច្ចសហការល្អរវាងក្រុមហ៊ុនសាងសង់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីផ្តល់លទ្ធភាព ដល់ក្រុមការងារ អាចអនុវត្តភារកិច្ច បានទៅដោយរលូន និងទាន់ពេលវេលាតាមការគ្រោងទុក និងស្នើសុំឱ្យមានការយោគយល់ និងអធ្យាស្រ័យ ក្នុងករណីដំណើរការ សាងសង់នេះ មានការប៉ះពាល់ ឬការរំខានដល់ការធ្វើដំណើរ ការប្រកបអាជីវកម្ម និង ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាយថាហេតុ ព្រមទាំងសំណូមពរ អោយប្រជាពលរដ្ឋដែលអាស្រ័យផល ពីប្រព័ន្ធ លូរំដោះទឹកនេះ ចូលរួមប្រើប្រាស់ អោយបានត្រឹមត្រូវ ជៀសវាងការចោលសម្រាម ឬកាកសំណល ដែលនាំអោយមានការកកស្ទះលូ និងចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង ។

ជាចុងក្រោយ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ នឹងបន្តផ្ដល់សេចក្ដីទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត នៅអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ ការកសាងសមិទ្ធផលក្នុងមូលដ្ឋាន បន្ថែមទៀត ៕