(ភ្នំពេញ)៖ លោក ម៉ម សូណង់ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ បានឲ្យដឹង លោកនឹងមិនធ្វើបាតុកម្ម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះទេ ប៉ុន្តែលោកថា លោកនៅតែរក្សាជំហររឹងមាំមួយ ដើម្បីទាមទារឲ្យដោះលែង មន្រ្តីសង្គមស៊ីវិល៤រូប និង អគ្គលេខាធិការរង គ.ជ.ប ម្នាក់។
លោក ម៉ម សូណង់ដូ ថា លោក មិនធ្វើបាតុកម្ម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦គឺ មិនមែន លោកខ្លាចមិនធ្វើនោះទេ តែដោយសារតែ ខ្លាចប៉ះពាល់ពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលចូលរួមធ្វើបាតុកម្ម។ លោក ម៉ម សូណង់ថា លោកមិនចង់លូកដៃ ចូលរឿងតុលាការឡើយ ទុកឲ្យរាជរដ្ឋាភិបាល និងតុលាការជាអ្នកសម្រេចអនុវត្តតាមច្បាប់វិញ។
យ៉ាងណាក៏ដោយ លោក ម៉ម សូណង់ដូ នៅតែអះអាងជំហរខ្លួនថា លោកនឹងនៅតែទាមទារឲ្យតុលាការដោះលែង មន្រ្តីសង្គមស៊ីវិល និង អគ្គលេខាធិការរង គ.ជ.ប ទាំង៥រូប ហើយថាទោះមិនបានដោះលេងឲ្យមានសេរីភាព យ៉ាងហោចណាស់ក៏តុលាការសម្រេចឲ្យដោះលែង នៅក្រៅឃុំជាបណ្តោះអាសន្នដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ តំណាងសាលារាជធានីភ្នំពេញ និងលោក ម៉ម សូណង់ដូ បានជួបពិភាក្សាគ្នា ពាក់ព័ន្ធនឹងរឿងរៀបចំធ្វើបាតុកម្ម ដើម្បីស្នើឲ្យដោះលែងសង្គមស៊ីវិល និងអគ្គលេខាធិការរង គ.ជ.ប ៥នាក់ ប៉ុន្តែជាលទ្ធផលសាលារាជធានី ភ្នំពេញ មិនបានអនុញ្ញាតឲ្យលោក ម៉ម សូណង់ដូ ធ្វើបាតកម្មឡើយ ដោយហេតុថា ប៉ះពាល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ៕