(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីជូនដំណើរសិស្ស និស្សិតកម្ពុជា ចំនួន ២៤នាក់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន នៅក្នុងថ្នាក់ឧត្តមសិក្សា, ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣។

និស្សិតអាហារូបករណ៍កម្ពុជា ទាំង២៤នាក់ នឹងចេញទៅប្រទេសជប៉ុន ដើម្បីសិក្សានៅតាមសាកលវិទ្យានានារបស់ជប៉ុន ឆាប់ៗនេះ។

ពិធីនេះមានការចូលរួមដោយលោក អូអ៉ិណូ អ៉ីស៊ូហ្ស៉ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក យក់ ង៉ុយ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, សមាគមអតីតនិស្សិតខ្មែរនៅប្រទេសជប៉ុន, អតីតនិស្សិតអាហារូបករណ៍ ព្រមទាំងសមាគមជប៉ុន ប្រចាំកម្ពុជាមួយចំនួនផងដែរ។

នាឱកាសនោះដែរ លោកឯកអគ្គរាជទូត បានថ្លែងអបអរសាទរនិស្សកម្ពុជាទាំង២៤នាក់ ដែលបានទទួលអាហារូបករណ៍រដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលជ្រើសរើសយ៉ាងស្វាតស្វាញ។ ព្រមទាំងអបអរសាទរចំពោះនិស្សិតអាហារូបករណ៍ដែលទើបតែត្រឡប់ប្រទេសកម្ពុជា ក្រោយបញ្ចប់ការសិក្សាក្នុងប្រទេសជប៉ុនដោយជោគជ័យ។

លោក អូអ៉ិណូ អ៉ីស៊ូហ្ស៉ី បានបង្ហាញជំនឿថា និស្សិតដែលទទួលបានអាហារូបករណ៍នឹងប្រើប្រាស់នូវចំណេះដឹងដែលខ្លួនបានរៀនសូត្រនៅប្រទេសជប៉ុនជាប្រយោជន៍ និងចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងវិស័យនានា ព្រមទាំងបន្តពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរនាពេលនាគត។

ក្នុងនាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក យក់ ង៉ុយ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលជប៉ុនសម្រាប់ការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា។ រដ្ឋាភិបាលជប៉ុនបាននឹងកំពុងផ្តល់ឱកាសអាហារូបករណ៍ផ្សេងៗដល់ប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺមិនអាចខ្វះបានក្នុងការកសាងសមត្ថភាពសម្រាប់ប្រជាជនកម្ពុជា។

លោករដ្ឋលេខាធិការ បានឱ្យដឹងថា តាមរយៈអាហារូបករណ៍ទាំង៣ប្រភេទនេះ រដ្ឋាភិបាលជប៉ុនបាននឹងកំពុងផ្តល់អាហារូបករណ៍ចំនួន ៦៦៤ ដល់និស្សិតកម្ពុជាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបន្តការសិក្សារបស់ពួកគេនៅប្រទេសជប៉ុន។ កម្មវិធីស្រាវជ្រាវនិស្សិតបានចាប់ផ្តើមនៅឆ្នាំ១៩៩២ ជាមួយនឹងអាហារូបករណ៍ចំនួន២៧៩ ដែលត្រូវបានផ្តល់ឱ្យ។ និស្សិតមហាវិទ្យាល័យបច្ចេកវិទ្យា ក្នុងឆ្នាំ១៩៩២ ទទួលបានអាហារូបករណ៍ចំនួន២១៥។ កម្មវិធីនិស្សិតមហាវិទ្យាល័យបណ្តុះបណ្តាលឯកទេស ក៏បានចាប់ផ្តើមនៅឆ្នាំ១៩៩២ ដោយមាននិស្សិតកម្ពុជាចំនួន ១៧០នាក់ បានទទួលអាហារូបករណ៍។

គួរឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍ដល់និស្ស និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២។ រហូតមកពេលនេះសិស្សនិស្សិតកម្ពុជា ជាង១,៤០០នាក់ហើយ ដែលបានទទួលអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន៕