(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ឌី បូ ដែលបានទទួលមរណភាព នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ក្នុងជន្មាយុ១០២ឆ្នាំ។

ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ លោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខជាមួយ អ៊ុំ ពូមីង និងបងប្អូន ដែលជាសាច់សាលោហិតទាំងអស់។ សូមវិញ្ញាណក្ខ័ន្ធលោកតាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា ឧបាសក ឌី បូ ត្រូវជាប្អូនប្រុសរបស់មហាឧបាសិកា ឌី ប៉ុក ម្តាយរបស់សម្តេចតេជោ បានទទួលមរណភាព កាលពីម៉ោង ១១៖៤៥នាទី ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ១០២ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារយ៉ាងដូច្នេះថា «ថ្ងៃនេះត្រកូលឌី បូកជាមួយត្រកូលហ៊ុន បានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយខ្ញុំ ដែលមានព្រះជន្មយុ ១០២ឆ្នាំ។ ប្អូនប្រុសម្តាយខ្ញុំឈ្មៅ ឌី បូ បានទទួលមរណភាពកាលពីម៉ោង១១៖៤៥នាទី ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ១០២ឆ្នាំ។ ល្ងាចស្អែកខ្ញុំនឹងទៅដុតធូបដើម្បីគោរពវិញ្ញាណក្ខន្ធ និងជូនដំណើរចុងក្រោយចំពោះលោកពូ»