(ត្បូងឃ្មុំ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ បានដាក់ផែនការក្នុងការចុះផ្សព្វផ្សាយតាមបណ្តាសាលារៀន ទាំងមេត្តេយ្យសិក្សាដល់ឧត្តមសិក្សានានានៅក្នុងខេត្តត្បូងឃ្មុំ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយអប់រំផ្សព្វផ្សាយដល់សិស្ស និស្សិត អ្នកលក់ដូរក្នុងសាលា និងលោកគ្រូ អ្នកគ្រូ ក្នុង១ខែឲ្យបានយ៉ាងតិច២លើក។

ផែនការចុះផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់អំពីចំណីអាហារ ជ្រើសរើសយកចំណីអាហារណាល្អសម្រាប់បរិភោគឱ្យមានស្តង់ដាចំណីអាហារច្បាស់លាស់ និងគុណភាពត្រឹមត្រូវ ជាពិសេសកុំប្រើប្រាស់ចំណីអាហារណាដែលហួសសុពលភាព និងគ្មានកាលបរិច្ឆេទច្បាស់លាស់ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

ការកំណត់សម្រួចទិសដៅបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងលើកទិសដៅកំណត់ផែនការសកម្មភាពការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ ឆ្នាំ២០២៣ របស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តត្បូងឃ្មុំ ធ្វើឡើងនៅទីស្នាក់ការសាខា ដោយមានការចូលរួមពីសំណាក់អនុប្រធានសាខា និងមន្ត្រី ក.ប.ប. ខេត្ត ជាច្រើនរូបផងដែរ។

លោក សាន វិជ្ជាសារ៉ាវុធ បានគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺអនុវត្តតាមអនុសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ចំពោះច្បាប់ស្តីពីការប្រកួតប្រជែង និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ តាមរយៈក្រសួងពាណិជ្ជកម្ម ដោយតម្រូវឲ្យអាជីវករ សេវាករ និងពាណិជ្ជករនៅកម្ពុជាទាំងអស់ បិទស្លាកថ្លៃលើទំនិញ ឬសេវាកម្មគ្រប់ប្រភេទ ដែលបានដាក់តាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំដល់មន្រ្តី ក.ប.ប ដើម្បីអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

លោក សាន វិជ្ជាសារ៉ាវុធ ក៏បានជំរុញដល់មន្រ្តី ក.ប.ប ក្នុងខេត្តទាំងអស់ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យគ្រប់លើផលិតផលទំនិញ និងសេវា ដើម្បីបង្កើនការយកចិត្តទុកដាក់ក្នុងការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងជាពិសេសតម្រង់ទិសធុរកិច្ចជន៕