(ភ្នំពេញ)៖ ដោយក្តីនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ចៅៗក្មួយៗសិស្សានុសិស្សផងនោះ នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជាលើកទី១០ (គិតចាប់តាំងពីឆ្នាំ២០១៤) និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនកុមារ-សិក្សានុសិស្សចំនួន ១,៣៧១នាក់ និងបុគ្គលិក ៦៥នាក់ នៃអង្គការលើកស្ទួយប្រជាពលដ្ឋ ដែលស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក គ្រូ-បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេសរបស់អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រ និងរស់នៅក្នុងគ្រួសាររើសសម្រាម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម ប្រកបដោយបរិយាបន្ន ហើយជាពិសេស ទទួលបានជោគជ័យក្នុងជីវិត និងមានការងារធ្វើសមរម្យ។

ជាមួយគ្នានេះ លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ក្មួយៗ ចៅៗទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ទម្លាប់រស់នៅស្អាតមានអនាម័យ ជាពិសេសត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតរុងរឿង ហើយជៀសវាងអំពើអសីលធម៌នានាដែលសង្គមស្អប់ខ្ពើម ដោយធ្វើខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាគំរូនៅក្នុងសង្គមជាតិ ជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត។

លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តមេត្តា ករុណា យកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹមដល់កុមារទាំងអស់ ឱ្យខិតខំតស៊ូក្នុងជីវិត ជម្នះរាល់ការលំបាក ដើម្បីប្រែក្លាយជីវភាពគ្រួសារឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះ លោកស្រី នួន ភីមាន ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់អង្គការនាពេលកន្លងមក ហើយឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាជួយឧបត្ថម្ភគាំទ្រជាថវិកា ឬសម្ភារៈផ្សេងៗទៅតាមលទ្ធភាពដល់អង្គការលើកស្ទួយប្រជាពលរដ្ឋ ក៏ដូចជាបានជួយដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិក ជាពិសេសកុមារដែលឥតទីពឹងនៅក្នុងអង្គការដែលកំពុងជួបនូវការលំបាក ខ្វះចំណីអាហារ ដើម្បីបានបន្តការសិក្សារៀនសូត្រ និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិនៅថ្ងៃខាងមុខ។

ក្នុងចំណោមកុមារ និងយុវជន នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ យុវនារី ម៉ុល ឆេងលីន អាយុ២០ឆ្នាំ ប្រឡងជាប់ថ្នាក់ទី១២ និងយុវនារី រាជ សុលីដា អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី១០ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចយាយមនុស្សធម៌ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនៅក្បែរចៅៗ គិតគូរពីសុខទុក្ខ និងការលំបាករបស់ចៅៗគ្រប់ពេលវេលា។ ជាការតបស្នងនូវគុណបំណាច់នេះ ចៅៗទាំងអស់មានតែការប្តេជ្ញាចិត្ត ខិតខំសិក្សារៀនសូត្រ ធ្វើជាពលរដ្ឋល្អក្នុងសង្គម និងចូលរួមថែរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិយើងតទៅមុខទៀត។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ រួមមាន៖ អង្ករ ៥តោន, មី ៧០កេស, ត្រីខ ១០កេស, ទឹកត្រី ៦០ដប, ទឹកស៊ីអ៊ីវ ៦០ដប, ទឹកក្រូច ៦០កេស, ទឹកសុទ្ធ ៦០កេស, កាបូបក្មេង ៣០០, សាប៊ូដុសខ្លួន ៣៦០ដប, សម្លៀកបំពាក់សិស្ស ៤៤០ឈុត, សៀវភៅសរសេរ ៥០០ក្បាល និងថវិកា ១០,០០០,០០០រៀល (ដប់លានរៀល) រួមជាមួយអាហារថ្ងៃត្រង់មួយពេល៕