(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋអារ៉ាប់អេហ្ស៉ីប ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់ លោក Sameh SHOUKRY រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៉ីប។

ក្នុងជំនួបទ្វេភាគី លោកឧបនាយករដ្ឋមន្រ្តី និងលោក Sameh SHOUKRY បានកោតសរសើរយ៉ាងខ្លាំងចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដែលបានកសាងឡើងដោយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៃព្រះរាជាណាចក្រកម្ពុជា និងលោក Gamal Abdel Nasser អតីតប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដែលជាសមាជិកស្ថាបនិកនៃចលនាមិនចូលបក្សសម័្ពន្ធ។

រដ្ឋមន្រ្តីទាំងពីរ បានគូសបញ្ជាក់អំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ដែលធ្វើឡើងស្របពេលនឹងខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងបានពិភាក្សាអំពី សក្តានុពលនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោករដ្ឋមន្រ្តីការបរទេស Sameh SHOUKRY ក៏បានឯកភាពពិចារណា បង្កើតឲ្យមាននូវកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្តការមួយ ដើម្បីរិះរកវិធី និងមធ្យោបាយនានា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេស ទាំងពីរ បានឯកភាពជំរុញឲ្យមានការចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីកិច្ចពិគ្រោះយោបល់នេះ នាពេលខាងមុខ។

ឆ្លើយតបទៅនឹងការរីកចម្រើននៃទំនាក់ទំនង លោករដ្ឋមន្ត្រី Sameh SHOUKRY បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា អេហ្ស៊ីបនឹងពិចារណាបើកស្ថានទូតរបស់ខ្លួននៅភ្នំពេញ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតនៅឡើយ និងបានគូសបញ្ជាក់ អំពីភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងបានជំរុញឲ្យមាន ការប្រាស្រ័យទាក់ទងគ្នារវាង ក្រសួងពាក់ព័ន្ធរបស់ប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអំពាវនាវឲ្យប្រទេសអេហ្ស៊ីបទាញយកប្រយោជន៍នៃភាពទាក់ទាញ និងសក្តានុពល របស់កម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- សាធារណរដ្ឋកូរ៉េ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពឲ្យក្រសួងទេសចរណ៍ នៃប្រទេសទាំងពីរប្រើប្រាស់សក្តានុពលនៃប្រទេសរៀងៗខ្លួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងពិចារណារៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យនេះ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអេហ្ស៊ីប ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិត កម្ពុជា ទៅសិក្សានៅប្រទេសអេហ្ស៊ីប រួមទាំងនិសិ្សតចំនួន ៩២នាក់ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ និងបានស្នើភាគីអេហ្ស៊ីប ពិចារណារផ្តល់អារូបករណ៍លើមុខជំនាញបច្ចេកទេសបន្ថែមទៀត។ រួមទាំងក្នុងកសិកម្ម និងឌីជីថលនូបីយកម្ម ដែលសំណើនេះទទួលបានការឯកភាពពីសមភាគីអេហ្ស៊ីប។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី Sameh SHOUKRY ក៏បានឯកភាពចែករំលែកនូវបទពិសោធន៍ល្អៗ នៅក្នុងវិស័យកសិកម្ម និងបើកចំហរសម្រាប់ការបណ្តុះបណ្តាល និងទំនាក់ទនងដោយផ្ទាល់រវាងអ្នកកជំនាញរបស់ប្រទេសទាំងពីរ។

ជាចុងក្រោយ រដ្ឋមន្រ្តីទាំងពីររូប បានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាពិសេសការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដូចជា៖
*១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌
*២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកបុរាណវិទ្យា សារមន្ទីរ និងបេតិកភណ្ឌ
*និង៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា និងវិទ្យាស្ថានសិក្សាការទូតអេហ្ស៊ីប៕