(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំអភិបាលរង ក្រុមការងារមន្រ្តីអនុសាខាកាកបាទក្រហម និងក្រុមសមាគមមិត្តសិល្បៈ ដែលដឹកនាំដោយលោក ហម ឆរ៉ា ចុះចែកអំណោយកាកបាទក្រហមជូនប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលមានផ្ទុកជំងឺអេដស៍ និងប្រជាពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាត ព្រមទាំងបានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ប្រមាណ៣០០នាក់ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
អំណោយដែលបានចែកជូននេះ រួមមាន អង្ករ៣០គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ទឹកសុទ្ធ១កេះ ម៉ុង១ សារ៉ុង១ ភួយ១ ក្រម៉ា១ និងថវិការ៥ម៉ឺនរៀល ដែលត្រូវទទួលបានក្នុងមួយគ្រួសារៗ ក្នុងនោះក្រុមសមាគមន៍មិត្តសិល្បៈ ក៏បានជួយឧបត្ថម្ភប៊ិចចំនួន៣០០ដើម សៀវភៅចំនួន៣០០ក្បាល នំស្រួយលីលី៣០០កញ្ចប់ នំសាំងវិច៣០០ដំ ចែកជូនប្រជាពលរដ្ឋ និងសិស្សានិសិស្សផងដែរ។
ជាមួយគ្នានេះ លោកស្រី អៀង ផល្លា ម្ចាស់សិប្បកម្មផលិតប្រហិត បានចូលរួមឧបត្ថម្ភប្រហិតចំនួន១៥០គីឡូក្រាម នំប៉ាវ៣០ដំ ព្រមជាមួយគ្នានេះ លោក លី គា និងលោកស្រី សាយ ឡេង បានជួយឧបត្ថម្ភមានតុ កៅអី សម្ភារចម្អិនម្ហូប និងទឹកកកអនាម័យចំនួន២០០គីឡូក្រាម ដើម្បីចូលរួមជាមួយក្រុមការងារខាងលើនេះដែរ។
នាឱកាសដ៏អធឹកធ័មនេះ លោក ហែម រិទ្ធិ ក៏ថ្លែងអំណរគុណដល់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានចូលរួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនេះ។
លោកអភិបាលខណ្ឌបានបន្តថា «សកម្មភាព និងទឹកចិត្តសប្បុរសរបស់មិត្តអ្នកសិល្បៈនាពេលនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ ជាពិសេសបងប្អូន និងកុមារតូចៗ ក្នុងសង្កាត់ត្រពាំងក្រសាំងនេះ នឹកចងចាំនូវអំពើល្អ និងសម្មភាពប្រកបដោយទឹកចិត្តថ្លៃថ្លានេះ មិនភ្លេចឡើយ ដែលសង្ឈឹមថាសកម្មភាពនេះ នឹងមានបន្តបន្ទាប់ទៀត ក្នុងខណ្ឌពោធិ៍សែនជ័យយើងនាពេលក្រោយៗ ទៀត»៕