(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ​នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសថា ការដកអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ដែលប្រព្រឹត្តិខុសច្បាប់ បំពានក្រមសីលធម៌ធ្ងន់ធ្ងរ នឹងមិនប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជាទេ។

ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានយុវជនប្រមាណជា ១០នាក់ ដែលបានអះអាងថា មកពីក្លឹបយុវជនចំនួន ០៤ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានយកញតិ្តមកដាក់នៅក្រសួងព័ត៌មាន ដោយស្នើសុំឱ្យក្រសួងពិនិត្យឡើងវិញ និងអនុញ្ញាតិឱ្យ «សារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀត ដែលត្រូវបានដកអាជ្ញាប័ណ្ណកន្លងមកបើកដំណើរការឡើងវិញ»។

ឆ្លើយតបទៅនឹងញត្តិនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ដូចខាងក្រោម៖

១៖ ខ្លឹមសារក្នុងញត្តិដែលបានដាក់មកក្រសួងព័ត៌មាន បានប្រើពាក្យថា «…សារព័ត៌មានVOD និងសារព័ត៌មានឯករាជ្យផ្សេងទៀត...»។ អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ញត្តិបញ្ជាក់ឱ្យបានច្បាស់លាស់ថាតើ សារព័ត៌មានឯករាជ្យផ្សេងទៀតសំដៅដល់សារព័ត៌មានប្រភេទណា និងមានឈ្មោះអ្វីខ្លះ? អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ថា ការផ្តល់អាជ្ញាប័ណ្ណដល់អង្គភាពសារព័ត៌មានទាំងអស់ ក្រសួងពុំដែលបានបញ្ជាក់ក្នុងអាជ្ញាប័ណ្ណថា សារព័ត៌មានណាមួយឯករាជ្យ ឬមិនឯករាជ្យឡើយ។ ដូច្នេះ អ្នកនាំពាក្យក្រសួងព័ត៌មានយល់ឃើញថា ការប្រើពាក្យ «សារព័ត៌មានឯករាជ្យ» ជាចេតនាដែលនាំឱ្យមានការបែងចែក រើសអើង និងបំបែកបំបាក់សាមគ្គីភាពរវាងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាននៅកម្ពុជា។

២៖ ការដកអាជ្ញាប័ណ្ណពីអង្គភាពសារព័ត៌មានណាមួយ សុទ្ធតែអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន។ ការដកអាជ្ញាប័ណ្ណពី អង្គភាពសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់ បំពានក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ និងបំពានសិទ្ធិអ្នកដទៃ ហើយមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ពុំអាចចាត់ទុកថា ជាការរឹតត្បិត សិទិ្ធសេរីភាព ការគំរាមកំហែង ឬការធ្វើទុក្ខបុកម្នេញដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាននោះឡើយ។ ដូច្នេះ ការដកអាជ្ញាប័ណ្ណពីអង្គភាពសារព័ត៌មានដែលប្រព្រឹត្តិខុសច្បាប់ បំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ និងបំពានសិទ្ធិអ្នកដទៃ ហើយមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ដូចជា VOD ជាដើម មិនបានធ្វើឱ្យប៉ះពាល់ដល់លំហសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។ ផ្ទុយទៅវិញ វិធានការនេះ ជាការពង្រឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងការទទួលខុសត្រូវរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន នៅកម្ពុជាទៅវិញទេ។

៣៖ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវជាថ្មីម្តងទៀត សូមឱ្យអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ គោរពក្រមសីលធ៌មវីជ្ជាជីវៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន៕