(កោះកុង)៖ លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាទៅកាន់កងកម្លាំងសមត្ថកិច្ចទាំងអស់រហូតដល់រដ្ឋបាលប៉ុស្តិ៍ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់រួចរាល់ ដើម្បីត្រៀមការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងនៅតាមទីសាធារណៈ និងនៅមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខ។

លោកស្រីអគ្គស្នងការរងនគរបាលជាតិដាក់បញ្ជាបែបនេះ ធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឆ្នាំ២០២៣។ ពិធីនេះមានការចូលរួមក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជ្ញាអមសាលាដំបូងខេត្ត
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តសស្នងការរងនិងមន្ត្រីកម្លាំងនគរបាលក្រុង-ស្រុកនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំស្នងការនគរបាលខេត្តកោះកុង។

ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានថ្លែងថា បុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋភាគច្រើនចេញទៅស្រុកកំណើតជួបជុំគ្រួសារសាច់ញាតិ ហើយអាចប្រឈមនឹងបទល្មើសលួច ចោរលួច ចោរគាស់ និងគ្រោះអគ្គិភ័យជាដើម ដូច្នេះកម្លាំងសមត្ថកិច្ចទាំងអស់រហូតដល់រដ្ឋបាលប៉ុស្តិ៍ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ឱ្យបានរួចរាល់ ក្នុងការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ទាំងនៅទីសាធារណៈ និងនៅមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។

កងកម្លាំងនគរបាលទាំងអស់ត្រូវមានការប្រចាំការ និងរឹតបន្តឹងឲ្យបានខ្លាំងក្លាបន្ថែមទៀត ជាពិសេសត្រូវត្រៀមអន្ដរាគមន៍គ្រប់ពេលវេលា ដោយរង់ចាំបទបញ្ជារបស់ថ្នាក់ដឹកនាំ នៅពេលមានករណីចាំបាច់ណាមួយកើតឡើង។

លោកស្រីឧត្តមសេនីយ៍ឯកបានបន្តថា សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ រាល់បទល្មើសនៅខេត្តកោះកុងមានការថយចុះគួរឲ្យកត់សម្គាល់ នេះដោយសារការខិតខំប្រឹងប្រែងពីកិច្ចសហការរបស់កម្លាំងនគរបាលទាំងអស់ ដែលខិតខំបំពេញកាតព្វកិច្ចអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងគោរពវិន័យជាកងកម្លាំងបម្រើប្រទេសបម្រើប្រជាជន និងការពារភូមិឃុំមានសុវត្តិភាព៕