(កំពង់ធំ)៖ លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យសហគ្រាសនិងគ្រឹះស្ថានទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការប្រើប្រាស់ហត្ថពលកម្មបរទេសឲ្យបានច្បាស់លាស់។

លោកអភិបាលរងខេត្តកំពង់ធំថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជាដល់រោងចក្រ សហគ្រាស គ្រឹះស្ថានទូទាំងខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បង្កលក្ខណៈអំណោយផលដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទាក់ទាញការវិយោគទាំងនៅក្នុងប្រទេសទាំងពីបរទេស ព្រមទាំងរំហូរទេសចរបរទេសមកទស្សនានៅកម្ពុជាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលបានជំរុញកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ។

លោកបានបន្តទៀតថា ជនបរទេសត្រូវបំពេញបណ្តាលក្ខខណ្ឌផ្សេងៗទៀត ដូចតទៅ៖
* និយោជក ត្រូវមានជាមុននូវប័ណ្ណការងារត្រឹមត្រូវដើម្បីប្រកបមុខរបររបស់ខ្លួននៅកម្ពុជា
* ជនបរទេសនោះ ត្រូវបានចូលមកកម្ពុជា ដោយត្រឹមត្រូវតាមផ្លូវច្បាប់
* ជនបរទេសនោះ ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ
* ជនបរទេសនោះ ត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ
* ជនបរទេសនោះ ត្រូវមានកាយសម្បទាសមស្របនឹងមុខរបរនោះ ហើយគ្មានកើតជំងឺឆ្លងណាមួយ ហើយលក្ខខណ្ឌនេះត្រូវបានកំណត់ដោយប្រកាសក្រសួងសុខាភិបាល ដោយមានការឯកភាពពីក្រសួងទទួលបន្ទុកវិស័យការងារ។

លោក អៀង សុភាព ប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

១. លើកកម្ពស់ការងារគ្រប់គ្រងជនបរទេសស្នាក់នៅប្រកបមុខរបរនិងធ្វើការនៅកម្ពុជា។

២. ពង្រឹងការអនុវត្តតាមច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានម៉ឺងម៉ាត់។

៣. ផ្សព្វផ្សាយគោលការណ៍វិធានការពាក់ព័ន្ធការងារអធិការកិច្ចហត្ថពលកម្មបរទេសដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាននានា ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការងារ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ជួញដូរផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ឬការឆបោកតាមប្រព័ន្ធអនឡាញ ឬបទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀត ដើម្បីចាត់វិធានការតាមច្បាប់។

គួរបញ្ជាក់ថា ខេត្តកំពង់ធំមានសហគ្រាស គ្រឹះស្ថានសរុប ៤០៧សហគ្រាស មានកម្មករនិយោជិតចំនួន១៤,៣២០នាក់ ស្រី៥,៤២៨ នាក់ក្នុងនោះសហគ្រាស គ្រឹះស្ថានដែលមានប្រើប្រាស់ហត្ថពលកម្មបរទេសចំនួន៣៥សហគ្រាស មានកម្មករនិយោជិតបរទេសសរុប៦៨៤នាក់ ស្រី១៣៣នាក់ ដែលមាន១៩សញ្ជាតិ៕