(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់កម្មសិក្សាការី និងសិស្សក្រមការជំនាន់ទី១០នៃសាលាភូមិន្ទរដ្ឋបាលនៅរាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ព្រមទាំងគណៈគ្រប់គ្រងសាលា គ្រូសម្របសម្រួល សង្ឃនិសិ្សត កម្មសិក្សាការី និងសិស្សក្រមការជំនាន់ទី១០នៃសាលាភូមិន្ទរដ្ឋបាលសរុបមានអ្នកចូលរួមចំនួនជិត ៨០០ អង្គ/នាក់។

បន្ទាប់ពីមតិស្វាគមន៍របស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានចាប់ផ្តើមធ្វើបទបង្ហាញពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ដោយប្រមូលផ្តុំលើមាតិកាសំខាន់ៗរួមមាន ទី១. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ទី២. គុណាធិបតេយ្យ ទី៣. កំណែទម្រង់រដ្ឋបាលសាធារណៈ ទី៤. តួនាទីរបស់រដ្ឋាភិបាល និងទី៥. សេចក្តីសន្និដ្ឋាន។

លោករដ្ឋមន្ត្រីដែលជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានសង្កត់ធ្ងន់ថា ភាពជាអ្នកដឹកនាំ គឺជាសិល្បៈនៃការគិត និងការសម្រេច។ សារៈប្រយោជន៍នៃភាពជាអ្នកដឹកនាំសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅរបស់មនុស្សទាំងអស់ ទាំងមន្រ្តីរាជការ កម្មករ កសិករ សិស្ស និសិ្សត និងប្រជាពលរដ្ឋគ្រប់រូបដើម្បីដឹកនាំជីវិត និងការងារឆ្ពោះទៅកាន់អនាគតរៀងៗខ្លួន។ ភាពជាអ្នកដឹកនាំ (Leadership) គឺត្រូវប្រើប្រាស់ជាចាំបាច់នៅពេលយើងជួបការលំបាកនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ពិសេសក្នុងកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងវិវត្តប្រែប្រួលឆាប់រហ័ស និងប្រឈមជាមួយភាពមិនប្រាកដប្រជាដូចសព្វថ្ងៃនេះ។

លោករដ្ឋមន្រ្តី បានចែករំលែកដោយផ្សាភ្ជាប់ទ្រឹស្តីជាមួយបទពិសោធន៍ការងារដែលខ្លួនលោកបានឆ្លងកាត់ ក្នុងនាមជាអ្នករដ្ឋបាលបម្រើការងារសាធារណៈ រយៈពេលជាង៤០ឆ្នាំកន្លងមក ដើម្បីពុះពារជំនះដោះស្រាយរាល់ការងារលំបាកស្មុគស្មាញឱ្យដំណើរការជាប្រក្រតី មានភាពធន់ រលូន ដើរទាន់ការវិវត្តប្រែប្រួលសភាពការណ៍នៃសម័យកាល។
តាមរយៈនៃការធ្វើបាឋកថានេះ លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ច្បាស់ពីវឌ្ឍនភាពថ្មីៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមមគ្គុទេសក៍ថ្លៃថ្លានិងដោយផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជារួចចាកផុតពីសង្គ្រាម ពីការបែកបាក់ជាតិ នាំសង្គមជាតិកម្ពុជា មកកាន់សុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍ ជាពិសេសភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិ មកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ។ សមិទ្ធផលទាំងនេះជាការអះអាងយ៉ាងប្រត្យក្សថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ជានិមិត្តរូបនៃការផ្លាស់ប្តូរនៅកម្ពុជា។

ចុងបញ្ចប់ លោករដ្ឋមន្ត្រី ព្រុំ សុខា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បាឋកថានៅថ្ងៃនេះ នឹងជួយរួមចំណែកផ្តល់ជាចំណេះដឹង និងបទពិសោធន៍ សម្រាប់កម្មសិក្សាការីដែលជាមន្ត្រីរាជការទាំងអស់យល់កាន់តែច្បាស់មួយកម្រិតទៀតពីសារ:សំខាន់នៃការផ្តល់សេវាសាធារណៈ និងការបម្រើសេវាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការបង្ខិតសេវាសាធារណៈជាតម្រូវការចាំបាច់នានាឲ្យខិតកាន់តែភ្ជាប់ជិតស្និទរវាងអ្នកបម្រើសេវា និងអតិថិជនអ្នកទទួលសេវា គឺប្រជាពលរដ្ឋ៕