(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យកាល់ម៉ែត បានរួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី(វីតាល់) ប្រារឰពិធីបរិច្ចាគឈាមលើកទី៩ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត» ដោយមានព្រះវត្តមានបន្ថែមដ៏ឧត្តុង្គឧត្តមរបស់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ បានថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យកាល់ម៉ែតថា ថ្ងៃនេះ ជាថ្ងៃដែលពោរពេញដោយសិរីសួស្តី និងសទ្ធាជ្រះថ្លា ដែលមន្ដ្រីថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរពេទ្យ រួមទាំងសប្បុរសជន បានបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ សង្គ្រោះជីវិតអ្នកដែលត្រូវការឈាមជាចាំបាច់ ដើម្បីរស់រានមានជីវិត។

ជាពិសេសថ្ងៃនេះមានព្រះវត្តមានរបស់ព្រះតេជគុណ គឺជាការជំរុញលើកទឹកចិត្តដល់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាម បានយល់ដឹងអំពីការធ្វើអំពើល្អដោយទឹកចិត្តបរិសុទ្ធ ដើម្បីជួយអ្នកជំងឺកំពុងរង់ចាំការជួយសង្គ្រោះអាយុជីវិត ពីក្រុមវេជ្ជបណ្ឌិតជំនាញគ្រប់ឯកទេស មន្រ្តីថែទាំទាំងឡាយ ជាមួយនឹងឈាមដែលជាឱសថដ៏មានតម្លៃដ៏ឧត្តុងឧត្តមបំផុត ព្រោះលើលោកនេះពុំមានមន្ទីរពិសោធន៍ណាផលិតឈាមបានឡើយ។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ។

ការប្រារឰពិធីបរិច្ចាគឈាមលើកទី៩ ក៏មានវត្ដមានលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុន One Fraternity Co.,Ltd.(Vital Premium Water) (វ័ន ហ្វ្រេតធើនីធី (វីតាល់)ផងដែរ ។

លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងបន្ដថា «ជារៀងរាល់ឆ្នាំមន្ទីរពេទ្យបានផ្តួចផ្តើមបំផុសស្មារតីឱ្យមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ចាប់តាំងពីថ្នាក់ដឹកនាំរហូតដល់មន្ដ្រីរាជការ-បុគ្គលិក កម្មករ-កម្មការិនី និងសប្បុរសជនទាំងឡាយ ហើយក្នុងឱកាសនេះខ្លួនខ្ញុំផ្ទាល់ បានផ្ដើមស្ម័គ្រចិត្ដធ្វើការបរិច្ចាគឈាម ដោយសង្ឃឹមថានឹងមានបុគ្គលិក មន្រ្តីរាជការមន្ទីរពេទ្យ រួមជាមួយនឹងបងប្អូន ក្រុមគ្រួសារញាតិមិត្ដនៃអ្នកជំងឺ ដែលកំពុងត្រូវបានសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នឹងបន្តស្ម័គ្រចិត្ដបន្ថែមទៀត ក្នុងការបរិច្ចាគឈាមនៅថ្ងៃនេះ»

កម្មវិធីបរិច្ចាគឈាមនាពេលនេះ ជាពិធីដ៏វិសេសវិសាល និងមានគុណតម្លៃជាកុសលដ៏ប្រសើរ ក្នុងពេលវេលាដែល មន្ត្រី-បុគ្គលិករបស់មន្ទីរពេទ្យកាល់ម៉ែតគ្រប់ឋានានុក្រម កំពុងតែមមាញឹកក្នុងការសង្គ្រោះជីវិត ថែទាំ និងព្យាបាលជំងឺ ដោយប្រើអស់កម្លាំងកាយចិត្ដក្នុងភារកិច្ចរបស់ខ្លួន បន្ថែមពីលើនោះបានស្ម័គ្រចិត្ដមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអ្នកជំងឺ ដោយផ្ទាល់ថែមទៀត ដែលពិតជាបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវកាយវិការមនុស្សធម៌ និងជាគំរូដ៏ល្អមួយ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង។

លោកអគ្គនាយកមន្ទីរពេទ្យបានគូសបញ្ជាក់ទៀតថា «ក្នុងនាមមន្ទីរពេទ្យ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានមោទនភាពនិងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏ប្រពៃនេះ ដែលសម្ដែងនូវការគាំទ្រគោលនយោបាយផ្ដល់ឈាមដោយស្ម័គ្រចិត្ដ របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល ពិសេសចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប»

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ បានលើកទឹកចិត្ដបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាម សូមបន្ដចូលរួមចំណែកក្នុងការបរិច្ចាគឈាមនាឱកាសដ៏ប្រពៃនេះ ឱ្យកាន់តែផុលផុសបន្ថែមទៀត។ កិច្ចការដែលយើងទាំងអស់គ្នាកំពុងប្រឹងប្រែងធ្វើគ្រប់សកម្មភាព គឺសុទ្ធតែដើម្បីជាប្រយោជន៍ជូនដល់អ្នកជំងឺ ហើយការផ្តល់ឈាម មួយសាក់ គឺមានន័យស្មើនឹងសង្គ្រោះជីវិតបានម្នាក់។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំចាត់ចែងកម្មវិធីនេះ ដោយកិច្ចសហការ រវាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងគណៈកម្មការគ្រប់គ្រងការផ្ដល់ឈាមរបស់មន្ទីរពេទ្យកាល់ម៉ែត និងក្រុមការងារទាំងអស់ ដោយមានការឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ធ្វើឱ្យកម្មវិធីបរិច្ចាគឈាមនាពេលនេះ ប្រព្រឹត្ដទៅដោយភាពអធិកអធម សស្រាក់សស្រាំ និងជោគជ័យយ៉ាងត្រចះត្រចង់។

ជាមួយគ្នានោះ លោក ហេង វ៉ាន់សាក់ បានថ្លែងផងដែរថា ក្នុងនាមក្រុមហ៊ុនទឹកពិសាវីតាល់ និងក្នុងនាមលោកផ្ទាល់ បានសម្ដែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានបន្ដចូលរួមបរិច្ចាគឈាមសង្គ្រោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមជារៀងរាល់ឆ្នាំ ហើយនេះជាលើកទី៩។ នេះក៏បង្ហាញពីបន្តផ្តល់ការគាំទ្រ និងកិច្ចសហការប្រតិបត្តិការ យ៉ាងពេញទំហឹង ជាមួយវីតាល់ តាំងពីដើមរហូតមក។

លោកបានបន្ថែមថា សកម្មភាពនាថ្ងៃនេះ គឺកើតឡើងបានក៏ដោយសារដៃគូសហការ និងការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប របស់អ្នកប្រើប្រាស់ បង្វិលចូលមូលនិធិសម្រាប់សកម្មភាពសប្បុរសធម៌ និងការងារសង្គមនានាតាំងពីថ្ងៃ ដែលវីតាល់បានចាប់ផ្តើមចូលក្នុងទីផ្សារ។

ក្នុងឱកាសនោះ លោក សុខ ប៉ូ បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជានៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិកទាំងអស់ ពិតជាមានកិត្តិយស ក្រៃលែងដោយបាន រួមសហការ ជាមួយមន្ទីរពេទ្យកាល់ម៉ែត និងក្រុមហ៊ុនវីតាល់ ក្នុងការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាម ប្រកបដោយសុវត្ថិភាព ក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត៕