(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង ក្រុមជំនួយការ លោក-លោកស្រីនាយ នាយរង ការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ សរុបចំនួន៦៣០នាក់។
ជាកិច្ចចាប់ផ្តើម លោកស្នងការ បានមានមតិស្វាគមន៍ចំពោះសមាជិក សមាជិកា នៃអង្គប្រជុំ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងទទួលផែនការងារសេនាធិការ ឡើងអានរបាយការណ៍សង្ខេបអំពីលទ្ធផលកិច្ចប្រតិបត្តិការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារមួយចំនួន សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៣។
ជាមួយនោះដែរ ក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌ ទាក់ទងទៅនឹងបទពិសោធន៍ក្នុងការគ្រប់គ្រងដឹកនាំកម្លាំង ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មេីស បញ្ហាប្រឈម ដំណោះស្រាយ និងផែនការដឹកនាំបន្ត។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកស្នងការរងទទួលផែនសេនាធិការ និងមតិចូលរួមរបស់សមាជិកនៃអង្គប្រជុំរួចមក, លោកឧត្តមសេនីយ៍ឯក ស ថេត បានមានមតិកត់សម្គាល់នូវបញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក ព្រមទាំងផ្សព្ធផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដឹកនាំពិភាក្សា ពិគ្រោះយោបល់យ៉ាងហ្មត់ចត់ ដើម្បីដាក់ចេញវិធានការអនុវត្ដ ក្នុងឆ្នាំ២០២៣ ទទួលបានជោគជ័យ។
លោកបានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បានយ៉ាងល្អក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក ក៏ដូចជាការងារប្រឆាំងបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងជួញដូរមនុស្ស ទប់ស្កាត់បទល្មើសគ្រឿងញៀន ការគ្រប់គ្រងជនអន្តោប្រវេសន៍ ការរៀបចំសណ្តាប់ធ្នាប់ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ជួយអន្តរាគមន៍ទាន់ពេលវេលា ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សហការជាមួយអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អ ក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសការពារយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងមក ប្រកបដោយភាពជោគជ័យ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់លោក លោកស្រីស្នងការរង ដែលមានភារកិច្ចចុះជួយតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ លោក លោកស្រីស្នងការរងទទួលផែនការជំនាញ លោកអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រជុំពិភាក្សាគ្នាជាប្រចាំ ដេីម្បីដាក់ចេញូនូវផែនការ ក្នុងការបង្ការ ទប់ស្កាត់ទប់ល្មេីស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មេីស ស្រាវជ្រាវមុខសញ្ញាដោយអនុវត្តតាមដីការ ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនេីង និងមុខសញ្ញាពាក់ព័ន្ធដែលនៅសេសសល់មួយចំនួនទៀត។
ក្រៅពីនេះ លោកបានសង្កត់ធ្ងន់ដល់លោកស្នងការរងទទួលផែនចរាចរណ៍ផ្លូវ ឲ្យយកចិត្តទុកដាក់ខ្ពស់លេីការណែនាំអប់រំដល់មន្ត្រីអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដោយប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ។
ដោយឡែក លោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មេីសគ្រឿងញៀន ឲ្យយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបង្ក្រាបឲ្យបាននូវមុខសញ្ញាជួញដូរ ទីតាំងលួចលាក់ ចែកចាយ និងប្រេីប្រាស់សារធាតុញៀនដោយខុសច្បាប់គ្រប់ប្រភេទ ជាពិសេសណែនាំដាច់ខាត ដល់មន្ត្រីទាំងអស់ហាមពាក់ព័ន្ធក្នុងការប្រេីប្រាស់សារធាតុញៀន បេីមិនដូច្នោះទេ គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ជាពិសេសអាចត្រូវសុំគោលការណ៍ដេីម្បីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ម្យ៉ាងវិញទៀត ត្រូវបន្តជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ (ក៤) សៀវភៅស្នាក់នៅ (ក២) ជូនប្រជាពលរដ្ឋឲ្យបានល្អឆាប់រហ័ស។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្ដថា កម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដើម្បីត្រៀមចេញដោះស្រាយ ជួយសង្គ្រោះ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខជាដើម៕