(ភ្នំពេញ)៖ ផ្លូវប្រវែងប្រមាណ៧៥គម ត្រូវបានឈូសឆាយឲ្យរលោងស្អាត នៅស្រុកអូររាមងឪ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផលនានា ពិសេសការចូលរួមអបអរសាទរទទួលទេវតា ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងនៅពេលខាងមុខ។ យុទ្ធនាការផ្លូវរលោងស្អាត គ្មានគ្រលុក នៃមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃុំ អនុវត្តន៏បានប្រមាណជាង៩០% នៃគម្រោងសរុប។

បន្ថែមពីនេះ កម្មវិធីសូឡាបំផ្លឺផ្លូវ បានតម្លើងអំពូលសូឡាជាង២ពាន់បង្គោល រួចជាស្រេច និងបានកំពុងបំផ្លឺផ្លូវតាមមូលដ្ឋាន និងក្បែរផ្ទះប្រជាពលរដ្ឋ។ ជាមួយុទ្ធនាការផ្លូវស្អាត គ្មានគ្រលុក និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានដាក់ចេញដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ។

លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានបញ្ជាក់ថា យុទ្ធនាការផ្លូវស្អាត គ្មានគ្រលុកនៅទូទាំងស្រុកអូររាំងឪ និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានរៀបចំឡើងដើម្បីឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅវត្តអារាម យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឬទៅកន្លែងកម្សាន្តផ្សេងៗទៀត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសុវត្ថិភាព មានភាពងាយស្រួល និងជួយបង្កើនជីវភាព និងការរស់នៅប្រកបដោយភាពសុខដុមរមនា។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសំដែងការសប្បាយរីករាយជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ដែលបានអភិវឌ្ឍមូលដ្ឋាន ទៅតាមការសន្យានាពេលកន្លងមក ក៏ដូចជាបានកសាងសមិទ្ធផលថ្មីសម្រាប់ស្វាគមន៍ឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋប្រុសស្រី មកលែងស្រុកកំណើត បានទទួល និងរីករាយក្រោមម្លប់សន្តិភាព។

លោក អ៊ាងសុផល្លែត បានបន្ថែមថា ការអភិវឌ្ឍនាពេលនេះ មិនត្រឹមតែបានបង្ហាញពីការអនុវត្តយ៉ាងមានប្រសិទ្ធភាព នូវគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ វាក៏បានឆ្លើយតបទាន់ពេលវេលាទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេសទៀតនៅ ការរៀបចំរម្មណីដ្ឋានទន្លេស្ងាយជាគំរូអព្យាក្រឹតកាបូន ដែលមានការដាំដើមឈើរាប់រយដើម ដាំផ្កាស្បៃរឿង១លានគុម្ព និងការរៀបចំហេដ្ឋរចនាសម្ព័ន្ធនានាប្រើឲ្យទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ស្រុកអូររាំងឪ មានឃុំចំនួន៧ និងមានភូមិចំនួន ១៤២ភូមិ ព្រមទាំងមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិមួយចំនួន ជាពិសេសតំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត ដែលនឹងក្លាយជារមណីដ្ឋានធម្មជាតិមួយកន្លែង ដែលមានស្រស់ស្រស់ស្អាត តាមរយៈការដាំផ្កាស្បៃរឿង១លានគុម្ព បានដាំលម្អដើមឈើជាច្រើនដើម។ ឆ្នាំនេះពិតជាពិសេស ក្រុមការងារបានរៀបចំសង្រ្កាន្តសម្រាប់អបអរសាទរទទួលទេវឆ្នាំថ្មី និងទេវតាយាងមកគ្រប់គ្រងមាតុភូមិកម្ពុជានៅពេលខាងមុខ នៅតំបន់ទន្លេស្ងួត ដែលបានផ្តល់ជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុកចូលមកទស្សនាកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦៕