(កណ្ដាល)៖ រោងជាងសំណង់លូបាន ដែលជាកន្លែងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំណង់លំដាប់ស្តង់ដា ត្រូវបានសម្ភោធហើយកាលពីពេលថ្មីៗនេះ ដោយមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបី និងវិទ្យាស្ថានបច្ចេកទេសជាំងស៊ូ ដែលកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
ពិធីសម្ពោធនោះ មានការអញ្ជើញចូលរួមពីតំណាងវិទ្យាស្ថានបច្ចេកទេសជាំងស៊ូ រួមមាន៖ លោក សិន សឹតឺ នាយកវិទ្យាស្ថាន, លោក ស៊ុន វូ ប្រធានមហាវិទ្យាល័យស្ថាបត្យកម្មសំណង់, លោក យាន ថៅ ប្រធានមហាវិទ្យាល័យស្ថាបត្យកម្មតែងលម្អខាងក្នុង, លោក វ៉ាង ជៀន ប្រធានមហាវិទ្យាល័យសិល្បៈ, លោក ស៊ូ ជឹផឹង ប្រធានមហាវិទ្យាល័យបច្ចេកវិទ្យា និងលោកស្រី វ៉ាង ជីង អនុប្រធានមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ, អ្នកគ្រប់គ្រងទូទៅលោក ស្យ៉ាង ហាយហ្វឹង និងតំណាងវិទ្យាស្ថានវ៉ាន់ដារលោកនាយក ហេង វ៉ាន់ដារ។
លោកនាយក សិន សឹតឺ តំណាងក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបី បានថ្លែងថា ទីតាំងបណ្ដុះបណ្ដាលនេះ គឺអនុវត្តន៍ជាក់ស្ដែងសម្រាប់អ្នកជំនាញស្រាប់ ហើយពង្រីកជំនាញរបស់ខ្លួនឲ្យកាន់តែខ្លាំង ដោយយកគម្រោងផ្សេងៗនៃក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបីនៅក្នុងប្រទេសកម្ពុជា ដើម្បីជាកន្លែងហ្វឹកហាត់ភាសា និងការងារបច្ចេកទេស ដូចជាការងារបេតុង ការងារដែក ការដំឡើងរន្ទារ ការដំឡើងក្តារពុម្ភ ការចងដែក ការដំឡើងមេកានិច ការដំឡើងសំភារ:អគ្គិសនី និងការបណ្តុះបណ្តាលបច្ចេកទេសផ្សេងទៀត។
លោកបញ្ជាក់ទៀតថា វិទ្យាស្ថានបច្ចេកទេសជាងស៊ូនៅប្រទេសចិន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមដែលបានសិក្សានៅរោងជាងសំណង់លូ ឱ្យបានទៅសិក្សាក្រេបយកចំណេះវិជ្ជាបន្ថែមទៀតនៅវិទ្យាស្ថានផ្ទាល់នៅប្រទេសចិនដើម្បីបណ្តុះបណ្តាលទេពកោសល្យគ្រប់គ្រងសំណង់ឆ្នើមបន្ថែមទៀតសម្រាប់និស្សិតកម្ពុជា។
ថ្នាក់ដឹកនាំក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបី ដែលកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានប្តេជ្ញា នឹងបន្តខិតខំប្រឹងប្រែងបណ្តុះទេពកោសល្យសំណង់ដល់សិស្សនិស្សិត និងនិយោជិតកម្ពុជា ដើម្បីកសាងធនធានមនុស្សដល់ប្រទេសកម្ពុជា៕