(កំពត)៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៍មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មាន ត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ និងត្រូវចូលរួមរក្សាប្រយោជន៍ និងកិត្យានុភាពជាតិ និងប្រទេសក្នុងតំបន់។

ការលើកឡើងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត ក្នុងវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាអ្នកសារព័ត៌មានក្នុងស្រុក មកពីខេត្តជាប់ព្រំដែនវៀតណាម មកកាន់ខេត្តកំពត នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ មន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មាន មកពីខេត្តជាប់ព្រំដែនវៀតណាម ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត ប្រមាណ ៥០រូប។

លោក ផុស សុវណ្ណ បានបន្ដថា សម័យបច្ចុប្បន្នអ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយបង្ហាញអំពីសត្តានុពល សមិទ្ធិផលនៅក្នុងភូមិ-ឃុំ ឬខេត្តមួយ ហើយអ្នកព័ត៌មានមិនគួរមានចរិតសរសរព័ត៌មានលក្ខណៈជាន់ពន្លិចនោះឡើយ អ្នកសារព័ត៌មានត្រូវស្វែងរកប្រភពឲ្យបានគ្រប់គ្រាន់ ដើម្បីថ្លឹងថ្លែងមុនផ្សព្វផ្សាយជាសាធារណៈ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន មិនត្រឹមតែអាចថែរក្សាប្រយោជន៍ និងកិត្យានុភាពមូលដ្ឋានភូមិ-ឃុំ ស្រុក-ក្រុង ខេត្ត ឬប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ អ្នកសារព័ត៌មានថែមទាំងអាចចូលរួមគិតគូរដល់ប្រយោជន៍មនុស្សជាតិទូទៅ និងប្រទេសនៅក្នុងតំបន់ផងដែរ តាមរយៈការផ្សព្វផ្សាយរឿង និងព័ត៌មានដែលត្រឹមត្រូវ។

បច្ចុប្បន្នអ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការបំផុសបង្ហាញពីទិដ្ឋភាព អត្តសញ្ញាណ របស់តំបន់ ឬសង្គមមួយ។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវគិតថ្លឹងថ្លែងដល់ប្រយោជន៍ និងកិត្យានុភាពជាតិ និងប្រទេសនៅក្នុងតំបន់ផង មុននឹងសរសេរផ្សាយ ពិសេសត្រូវចូលរួមលប់បំបាត់ព័ត៌មានក្លែងក្លាយ។

លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្ដាល និងទស្សនកិច្ចសិក្សាជូនអ្នកសារព័ត៌មានក្នុងស្រុក មកពីខេត្តជាប់ព្រំដែនវៀតណាមនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្នុងការរាយការណ៍អំពីបញ្ហា និងព្រឹត្តិការណ៍នានាក្នុងស្រុក លើកទឹកចិត្តឲ្យអ្នកសារព័ត៌មានស្វែងយល់ និងផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងសមិទ្ធផលនានា ដែលខេត្តសម្រេចបានក្នុងពេលកន្លងមក និងផ្សព្វផ្សាយទំនាក់ទំនងរវាង អ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំខេត្ត។

កម្មវិធីបណ្ដុះបណ្ដាលនាពេលនេះ ត្រូវបានរៀបចំឡើងក្រោមគម្រោងរបស់មូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ «មេគង្គ-ឡានឆាង» ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានបន្ថែម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល៕