(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាសដាក់ពាក្យប្តឹង វិទ្យុអាស៊ីសេរី ដោយចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងរូបនាង នាពេលកន្លងមក។
ថ្លែងនៅក្នុងវេទិកាមួយ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានប្រកាសថា នាងនឹងដាក់ពាក្យបណ្តឹងដើម្បីប្តឹងវិទ្យុអាស៊ីសេរី នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះពីបទផ្សាយព័ត៌មានមិនពិត និងផ្សាយបរិហារកេរ្តិ៍។
កញ្ញាថា «ពីព្រោះថា មានវិទ្យុអាស៊ីសេរី ខ្ញុំក៏ចង់ផ្តាំផ្ញើទៅគាត់ដែរ គឺគាត់ចោទវេទិកាខ្ញុំ ថាវេទិកាខ្ញុំ គឺប្រជាពលរដ្ឋចូលរួមតែ៣០០នាក់ ហើយផ្សាយព័ត៌មាន មិនពិតជាច្រើន»។ យ៉ាងណាក៏ដោយ កញ្ញា ធី សុវណ្ណថា ពុំបានបញ្ជាក់ថា វិទ្យុអាស៊ីសេរីបានផ្សាយមិនពិតពីរូបនាងត្រង់ចំណុចណានោះទេ។
ប៉ុន្តែកាល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយនូវព័ទ៌មានមួយ ដោយដាក់ចំណងជើងថា «ពលរដ្ឋមួយចំនួនខកចិត្តនឹងអាជ្ញាធរ ស្រុករុក្ខគិរីដែលកុហកឲ្យទៅចូលរួមវេទិកាកញ្ញា ធី សុវណ្ណថា» ដែលធ្វើឡើងនៅខេត្តបាត់ដំបង។ វិទ្យុនេះបានផ្សព្វផ្សាយនៅ ឃ្លាខាងដើមរបស់ខ្លួនថា «ប្រជាពលរដ្ឋនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង អះអាងថា អាជ្ញាធរមូលដ្ឋានស្រុកនេះបានប្រាប់ពួកគាត់ឲ្យទៅចូលរួមប្រជុំនៅក្នុងវត្តស្ដុកប្រវឹក ប៉ុន្តែនៅពេលទៅដល់ ជាក់ស្ដែង បែរជាចូលរួមក្នុងវេទិការបស់កញ្ញា ធី សុវណ្ណថា ទៅវិញ»។
ទោះជាយ៉ាងណា នាពេលកន្លងមក នៅពេលដែលមានករណីប្តឹងសារព័ត៌មានម្តងៗ ទាំងអ្នកវិភាគ អង្គការសង្គមស៊ីវិល រួមទាំងបណ្តាញសារព័ត៌មានផងតែងតែ ទទូចឱ្យយកច្បាប់ស្តីពីរបបសារព័ត៌មានទៅអនុវត្ត៕