(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានផ្តល់ការយល់ព្រមឱ្យស្នើសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម។
ការសម្រេចខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១៖ បង្កើតក្របខណ្ឌគតិយុត្តិ និងលក្ខខណ្ឌអនុគ្រោះដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ
២៖ ធ្វើឱ្យប្រសើរឡើងនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន នៃប្រទេសទាំងពីរ
៣៖ ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ
៤៖ បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និងនិរន្តរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ នឹងផ្ដល់អត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
១៖ ធានាដល់ផលប្រយោជន៍ និងសិទ្ធិសេរីភាពនៃប្រជាពលរដ្ឋ និងពាណិជ្ជករ ដែលរស់នៅតាមព្រំដែន តាមរយៈការបង្កើតក្របខណ្ឌ និងលក្ខខណ្ឌធានាចាំបាច់នានា សម្រាប់ការធ្វើពាណិជ្ជកម្មតាមព្រំដែន
២៖ ជាយន្តការជំរុញការតភ្ជាប់ការធ្វើពាណិជ្ជកម្មកម្ពុជា-វៀតណាម តាមរយៈការបង្កើតទីផ្សារ និងបង្កើនសកម្មភាពពាណិជ្ជកម្មទំនិញតាមព្រំដែនរវាងប្រទេសទាំងពីរ
៣៖ បង្កើតលទ្ធភាពលក្នុងការសម្រួលដល់ការអភិវឌ្ឍផ្សារព្រំដែន និងប្រព័ន្ធភ័ស្តុភារកម្ម និងសេវាគាំទ្រនៅតំបន់ព្រំដែន សំដៅជំរុញពាណិជ្ជកម្មតាមព្រំដែន
៤៖ សម្រួលដល់មធ្យោបាយទូទាត់ សម្រាប់ពាណិជ្ជកម្មតាមព្រំដែន តាមរយៈការបង្កើត៖ ការទូទាត់ជារូបិយប័ណ្ណបរទេស ដែលអាចផ្លាស់ប្ដូរ ឬជាប្រាក់រៀលរបស់កម្ពុជា ឬជាប្រាក់ដុងរបស់វៀតណាម,មធ្យោបាយទូទាត់សម្រាប់ពាណិជ្ជកម្មតាមព្រំដែនដោយសម្បូរបែប ដូចជា៖ ការទូទាត់តាមរយៈធនាគារដែលមានការអនុញ្ញាតដោយប្រទេសនីមួយៗ, ការទូទាត់ជាសាច់ប្រាក់អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសនីមួយៗ និងការទូទាត់តាមវិធីនៃការដោះដូរទំនិញជាដើម។
៥៖ សម្រួលដល់ការចេញ-ចូលតាមប៉ុស្តិ៍ត្រួតពិនិត្យ ឬច្រកទ្វារព្រំដែន ដោយពាណិជ្ជករ និងប្រជាពលរដ្ឋរស់នៅតាមព្រំដែន បុគ្គលដែលត្រូវបានអនុញ្ញាតដោយម្ចាស់ទំនិញ យានយន្ត ប្រតិបត្តិករដឹកជញ្ជូន អ្នកបើកបរ និងអ្នកបម្រើការលើយានយន្ត ដរាបណាមានឯកសារតម្រូវនានា
៦៖ សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យមធ្យោបាយដឹកជញ្ជូនចេញ-ចូល ឱ្យដល់ទីកន្លែងយកទំនិញចេញ/ផ្ទុកទំនិញនៅតាមព្រំដែន
៧៖ ពង្រឹងតម្លាភាព តាមរយៈការផ្ដល់ឱ្យនូវព័ត៌មានដែលត្រូវបានធ្វើបច្ចុប្បន្នកម្ម អំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងពាណិជ្ជកម្មរួមមាន៖ បទប្បញ្ញត្តិស្ដីពីនីតិវិធីចូល-ចេញព្រំដែន នីតិវិធីនាំចូល និងនាំចេញ បញ្ជីទំនិញហាមឃាត់នាំចេញ-នាំចូល ឬផ្អាកបណ្ដោះអាសន្នពីការនាំចេញ-នាំចូល ពន្ធគយ កម្រៃសេវា និងបន្ទុកត្រូវបង់នានា និងព័ត៌មានផ្សេងទៀត
៨៖ កិច្ចព្រមព្រៀងនេះ អាចធ្វើវិសោធនកម្មបាន ដោយមានការឯកភាពជាឯកច្ឆន្ទពីភាគីទាំងពីរ។ រាល់វិវាទដែលកើតចេញពីការបកស្រាយ ឬការអនុវត្ត នឹងត្រូវដោះស្រាយតាមរយៈការពិគ្រោះយោបល់ ឬការចរចារ។
កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម ត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ក្នុងការបន្តពង្រឹងនូវការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកម្ពស់ការចាប់ដៃគូរពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ តាមរយៈការផ្ដល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារ ដែលនឹងជួយជំរុញលើកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម៕