(កំពង់ស្ពឺ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានសហការជាមួយទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំកម្មវិធីសប្បុរសធម៌នៅសាលាដូង (គីរីរម្យ ខេត្តកំពង់ស្ពឺ)។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Florian Miss ទីប្រឹក្សាបង្គោល សម្រាប់កិច្ចការពារអ្នកប្រើប្រាស់ ក្នុងតំបន់អាស៊ាន (PROTECT II) របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ)។ សមាសភាពចូលរួមមានថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីទីភ្នាក់ងារ GIZ តំណាងក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាដូង និងប្រជាពលរដ្ឋក្រីក្រ សរុបប្រមាណ ៣០០នាក់ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

កម្មវិធីសប្បុរសធម៌នេះ គឺក្នុងគោលបំណងចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់ជីវភាពខ្វះខាត របស់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតំបន់ជនបទ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជួយឧបត្ថម្ភថវិកា សម្រាប់ជួយដល់ដំណើរការ ការងាររបស់សាលាដូងគីរីរម្យផងដែរ។

សូមបញ្ជាក់ផងដែរថា ការឧបត្ថម្ភរួមមាន៖

*ទី១៖ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ៧២នាក់ ក្នុង១នាក់ ឃីត ១កញ្ចប់ និងថវិកា ចំនួន ១០,០០០រៀល
*ទី២៖ សិស្សានុសិស្ស ចំនួន ១៦០នាក់ ក្នុង១នាក់ ឃីត ១កញ្ចប់ និងថវិកា ចំនួន ១០,០០០រៀល
*ទី៣៖ គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកាចំនួន ៧,៥០០,០០០រៀល ជូនដល់សាលាដូង។

គ្រឿងឧបភោគបរិភោគ ដែលបាននាំយកមក នាពេលនេះរួមមាន៖ អង្ករ ស្ករស ប៊ីចេង ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសៀង ទឹកម្ទេស ទឹកប្រេងខ្យង ប្រេងឆា មី ត្រីខកំប៉ុង ទឹកសុទ្ធ ទឹកក្រូចចម្រុះ ទឹកដោះគោជូ នំចំរុះ ស្ករគ្រាប់ចម្រុះ ដំណាប់ស្វាយ សាច់មាន់ និងសម្ភារៈសិក្សាដូចជា កាបូបស្ពាយ នាឡិកា ក្តារ ហ្វឺតសរសេរ ទឹកហ្វឺត ភូគោល។

សូមរំលឹកផងដែរថា គ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា និងថវិកាទាំងនេះ ទទួលបានមកពីការចូលរួមជួយឧបត្ថម្ភផ្ទាល់របស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីទីភ្នាក់ងារ GIZ និងក្រុមហ៊ុននានា (ក្នុងនោះមានក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារ ផលិតផលហាឡាលកម្ពុជាផងដែរ)៕