(ភ្នំពេញ៖ ដើម្បីត្រៀមឆ្លើយតប និងចូលរួមដោះស្រាយ វិបត្តិអាកាសធាតុ និងបរិស្ថាន ស្របទៅស្ថានភាពបច្ចុប្បន្ន ក្នុងនាមជាស្ថាប័នមនុស្សធម៌មួយដ៏ធំនៅកម្ពុជា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន និងសកម្មភាពមនុស្សធម៌» ដែលប្រព្រឹត្ដទៅរយៈពេល២ថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៣។

វគ្គបណ្ដុះបណ្ដាលនេះ មានមន្ដ្រីជំនាញចំនួន២រូប លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន និងលោកបណ្ឌិត កែវ ពិសិដ្ឋ ទីប្រឹក្សារដ្ឋសភាជាតិ មកធ្វើបទបង្ហាញ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបរិស្ថាន រួមទាំងសកម្មភាពកំពុងធ្វើ និងផែនការបន្តរបស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងសហគមន៍ ព្រមទាំងបទបង្ហាញស្តីពី អព្យាក្រឹតភាពកាបូន ដែលធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងចូលរួមពីមន្ដ្រីស្នាក់ការកណ្ដាល និងសាខាទាំង២៥ រាជធានី-ខេត្ដ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងឱ្យដឹងថា «ការបើកវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីឱ្យមន្ដ្រីរបស់យើង ទទួលបានដឹងកាន់តែច្បាស់បន្ថែមទៅលើបច្ចេកទេសការងារ និងបញ្ហាប្រឈមអ្វីខ្លះ ដែលទាមទារត្រូវតែមានការចូលរួមចំណែកដោះស្រាយទាំងអស់គ្នា ហើយនេះក៏ស្របទៅតាមផែនការយុទ្ធសាស្រ្ដ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ»

«លើសពីនោះ កាកបាទក្រហមកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដែលកិច្ចប្រជុំនោះ ក៏នឹងលើកយកនូវប្រធានបទស្ដីពី ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន យកមកពិភាក្សាផងដែរ»

លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ថា បើនិយាយដល់បរិស្ថាននេះ កាកបាទក្រហមកម្ពុជា ក៏មានសមិទ្ធផលរួចជាស្រេចទៅហើយ គឺទី១៖ ឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ត្រូវបានដាំដុះឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ មកដល់ពេលនេះមានអាយុកាល ២៤ឆ្នាំហើយ ត្រូវបានដាំលើផ្ទៃដីទំហំជិត ៥ហិកតា និងមានដើមឈើប្រមាណ ២៤៦០ដើម, ទី២៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំឥស្សរជនថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីកាកបាទក្រហមកម្ពុជា ដាំកូនឈើជាច្រើនរយដើមនៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ។ក្រៅពីនោះគឺយុវជន និងអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា ក៏បានដាំដើមឈើនៅតាមទីសាធារណៈ តំបន់ភ្នំ និងឆ្នេរផងដែរ។

លោកស្រីបានបន្ដថា បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃស្ដីពី «ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន និងសកម្មភាពមនុស្សធម៌» មន្ដ្រីកាកបាទក្រហមកម្ពុជា ក៏នឹងរៀបចំផែនការសកម្មភាពគោលៗសម្រាប់ជំហានអនុវត្តបន្តក្នុងការធ្វើការជាមួយគ្នា ដើម្បីសម្រេចបានផែនការជាក់លាក់បន្ថែមទៀត៕