(បាត់ដំបង)៖ មហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាបង្ហាញពីលទ្ធផលស្រាវជ្រាវ ស្ដីពី «ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើនិស្សិតថ្នាក់ឧត្ដមសិក្សា៖ ការវិភាគទិដ្ឋភាពសេដ្ឋកិច្ច សង្គម-វប្បធម៌ និងផ្លូវចិត្ត» ក្រោមអធិបតីភាព លោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្រោមគម្រោង COVID-19.2 (កូវីដ-១៩ ដំណាក់កាលទី២) ដែលគាំទ្រហិរញ្ញវត្ថុ ដោយភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។

គម្រោងផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើនិស្សិតថ្នាក់ឧត្ដមសិក្សា អនុវត្តដោយមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ និងចូលរួមអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA)។

គម្រោងកូវីដ-១៩ដំណាក់កាលទី២ ដែលស្នើរឡើងដោយមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍នេះ គឺជាគម្រោងទី២ ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ ដែលបានចូលរួមប្រកួតប្រជែងជាមួយគម្រោងចំនួន៤៣៨ ដែលស្នើឡើងពីសាកលវិទ្យាល័យ និងគ្រឹះស្ថានជាសមាជិករបស់ AUF ដែលមានវត្តមាននៅក្នុងប្រទេសចំនួន៦០ នៅលើពិភពលោក។

គម្រោងមួយរបស់កម្ពុជា ស្ថិតក្នុងចំណោមគម្រោងឆ្នើមៗចំនួន៤ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានជ្រើសរើសដើម្បីទទួលបានការឧបត្ថម្ភពីមូលនិធិពិសេស កូវីដ-១៩ របស់ AUF។ គម្រោងកូវីដ-១៩ ដំណាក់កាលទី១ របស់មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ ដែលគាំទ្រដោយ AUF ដែរ ផ្តោតលើការសិក្សាស្រាវជ្រាវពីផលប៉ះពាល់ កូវីដ-១៩ លើកសិករខ្នាតតូចនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីអ្នកស្រាវជ្រាវ មន្ទីរពាក់ព័ន្ធ អង្គការដែលធ្វើការក្នុងវិស័យអប់រំ កុមារ និងកូវីដ-១៩ សិស្សានុសិស្សក្នុងខេត្តបាត់ដំបង និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន៥០០រូប។ ការរៀបចំសិក្ខាសាលានេះ មានគោលបំណង បង្ហាញពីលទ្ធផលនៃការស្រាវជ្រាវពីផលប៉ះពាល់ ដល់ការសិក្សារបស់និស្សិត ក្នុងកំឡុងពេលជម្ងឺកូវីដ-១៩ ការធ្វើបទបង្ហាញពីអង្គការផ្សេងៗ ដែលធ្វើការក្នុងវិស័យអប់រំ និងក្នុងគម្រោងកូវីដ-១៩ និងពិភាក្សាតុមូល ស្ដីពីគោលនយោបាយនៃការអប់រំនិងកូវីដ-១៩ ជូនដល់អ្នកស្រាវជ្រាវ សិស្ស និស្សិត ដើម្បីលើកកម្ពស់ការយល់ដឹង ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើបញ្ហាសេដ្ឋកិច្ច សង្គម-វប្បធម៌ និងចិត្តសាស្ត្រ និងការរៀនសូត្រ។

លោកបណ្ឌិត សេង រដ្ឋា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ ដែលជាប្រធានគម្រោងបានមានប្រសាសន៍ថា «នេះជាគម្រោងស្រាវជ្រាវទី១ ដែលផោ្តតលើការសិក្សាស្រាវជ្រាវផលប៉ះពាល់កូវីដ១៩ ដល់និស្សិត ឬការសិក្សាដែលពិនិត្យមើលពី ៣ម៉ុំគឺ ទិដ្ឋភាពសេដ្ឋកិច្ច សង្គម-វប្បធម៌ និង ចិត្តសាស្រ្ត។ និស្សិតចំនួន ១៥៤៧រូប ពីសាកលវិទ្យាល័យទាំងបី បានចូលរួមផ្តល់ចំលើយនៃការស្រាវជ្រាវ។ ក្រៅពីលទ្ធផលនៃការស្រាវជ្រាវ តាមរយៈ AUF គម្រោងជួយក្នុងការរៀបចំបណ្តាញអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ និងជួយគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងចំនួន ២៤ រូបពីសាកលវិទ្យាល័យទាំងបី»

គួរបញ្ជាក់ផងដែរ មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ បានជម្រុញការប្រើប្រាស់ភាសាបារាំង នៅគ្រប់ជំនាញទាំងអស់ និងបានបញ្ចូលភាសាបារាំងជាផ្លូវការ ក្នុងកម្មវិធីសិក្សាចំនួន២គឺ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចិត្តវិទ្យា និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច និងវិទ្យាសាស្រ្តទិន្នន័យ ដោយបានអញ្ជើញសាស្រ្តាចារ្យ និងគ្រូបង្រៀនភាសាបារាំង ពីប្រទេសបារាំងមកបង្រៀនផ្ទាល់ នៅសាកលវិទ្យាល័យជាតិបាត់ដំបង៕