(វ៉ាស៊ីនតោន)៖ មន្ត្រីប៉ូលិស៤នាក់បានស្លាប់ និង១១នាក់ផ្សេងទៀត បានរងការបាញ់ប្រហារ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ារើសអើងពូជសាសន៍ និងប៉ូលិសប្រចាំ Downtown មួយក្នុងទីក្រុង Dallas រដ្ឋតិចសាស។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្តិច។
លោក David Brown មេប៉ូលិសប្រចាំទីក្រុង Dallas បានឲ្យដឹងថា មន្ត្រីប៉ូលិស ៤នាក់បានស្លាប់ និង១១នាក់បានរងរបួស នៅក្នុងហេតុការណ៍ ប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ ហើយក្នុងនោះក្រុមបាតុករ បានប្រើកាំភ្លើង Sniper បាញ់ប្រហារមកដល់ក្រុមប៉ូលិស។
មកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ចាប់ខ្លួន បានជនសង្ស័យណាមួយឡើយ ប៉ុន្តែនៅពេលនេះក្រុមជំនាញកំពុងស្វែងរកបុរសម្នាក់ (រូបខាងក្រោម) ដែលជាជនសង្ស័យធំ ព្រោះនៅក្នុងអំឡុងពេលធ្វើបាតុកម្ម បុរសម្នាក់នេះ មានកាំភ្លើងនៅជាប់នឹងខ្លួន។
គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចនេះ ត្រូវបានធ្វើឡើងក្រោយពេល ដែលប៉ូលិសបានបាញ់សម្លាប់បុរសស្បែកខ្មៅមួយរូប មានឈ្មោះថា Philando Castile វ័យ ៣២ឆ្នាំ នៅក្បែរផ្លូវ St. Paul ក្នុងរដ្ឋ Minnesota នៅថ្ងៃពុធកន្លងទៅនេះ ដែលសកម្មភាពនៃការបាញ់សម្លាប់បុរសស្បែកខ្មៅនេះ ត្រូវបានថត និងបង្ហោះដោយមិត្តស្រីគេផ្ទាល់ទៅកាន់បណ្ដាញអ៉ីនធើណេត ទើបនាំឲ្យមានការធ្វើបាតុកម្មទាក់ទងនឹង រឿងរើសអើងពូជសាសន៍៕