(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងលោកស្រី ទេវ្យានី ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងនាមជាសហប្រធានបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារៈមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលរួមមានប្រធានបទចំនួន៦។

កិច្ចប្រជុំធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការចូលរួមឯកអគ្គរដ្ឋទូតសហព័ន្ធមីយ៉ាន់ម៉ា តំណាងស្ថានទូតថៃ ឡាវ និងវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រី្ត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាច្រើនរូប។

កិច្ចប្រជុំនេះបានពិភាក្សានិងសម្រេចលទ្ធផលសំខាន់ៗមួយចំនួន ដូចជា៖

១. កំណត់ឲ្យភាគីកម្ពុជានិងឥណ្ឌារៀបចំសេចក្តីព្រាង MOU ហើយភាគីទាំងអស់នឹងពិនិត្យ សម្រេចនាពេលក្រោយ។

២. ធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាពិសេសពិនិត្យលទ្ធភាពបន្ថែមសមុច័្ចយថ្មីៗនៃបណ្តាប្រទេសនីមួយៗដើម្បីតាំងបង្ហាញ។

៣. ពិនិត្យលទ្ធភាពផ្តល់នូវប្រភពថវិកា ដើម្បីធានាបាននូវនិរន្តរភាពនៃដំណើការទូទៅរបស់សារមន្ទីរ។

៤. ជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឲ្យកាន់តែសកម្មក្នុងការរៀបចំតាំងបង្ហាញ ពិព័ណ៌អចិន្ត្រៃយ៍ ឬមិនអចិន្រ្តៃយ៍នៃវប្បធម៌របស់ខ្លួន

៥. បង្កើនការផ្សព្វផ្សាយអំពីសារៈមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីឱ្យបានទូលំទូលាយ ធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលទស្សនា និងជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឱ្យសកម្មថែមទៀត។

៦. ផ្តល់នូវអ្នកជំនាញខាងផ្នែកសារមន្ទីរមកធ្វើការបណ្តុះបណ្តាលមន្ត្រី បុគ្គលិកកំពុងបំពេញភារកិច្ចនៅសារមន្ទីរផ្ទាល់។

ក្រៅពីនេះទៀត អង្គប្រជុំបានជំរុញឲ្យគ្រប់ភាគីបន្តទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ សំដៅការបង្កើននូវបរិយាកាសសហការជិតស្និទ្ធរវាងគ្រប់ភាគីពាក់ព័ន្ធ៕