(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ ក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។
លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយផ្អែកតាមមាត្រា៥០ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ដែលចែងថា «ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗក្នុងថវិកាទូទៅរបស់រដ្ឋ និងក្នុងគណនីពិសេសរតនាគារជាតិ ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ»។
ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២នេះ បានកំណត់ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើរតួនាទីជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលទ្ធកម្មសាធារណៈ និងមានសិទ្ធិអំណាចរៀបចំគោលនយោបាយលទ្ធកម្មសាធារណៈ ព្រមទាំងអនុវត្តសិទ្ធិអំណាចដែលមានក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ។ ទោះបីជាយ៉ាងនេះក្ដី ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ព័ន្ធលទ្ធកម្មសាធារណៈរាជរដ្ឋាភិបាលមានតម្រូវកការចាំបាច់ក្នុងការបន្តពង្រឹងយន្តការគណនេយ្យភាព តាមរយៈក្របខ័ណ្ឌនិយ័តកម្មដែលក្នុងនោះត្រូវប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជានិយ័តករ និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកឯស្ថាប័នអនុវត្តលទ្ធកម្មត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ធ្វើឡើងក្នុងគោលបំណង ដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយ តួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករ និងជាអ្នកធ្វើសវនកម្ម កិច្ច លទ្ធកម្ម ចំណែកក្រសួង ស្ថាប័ន នឹងត្រូវបានផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាពពេញលេញក្នុងការដអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។
លោករដ្ឋមន្ត្រីបន្តថា សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈបានកំណត់គោលការណ៍សំខាន់ៗអំពីមុខងារ និងការទទួលខុសត្រូវឱ្យដាច់ពីគ្នារវាងស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើកិច្ចលទ្ធកម្មជូនស្ថាប័នអនុវត្តលទ្ធកម្មការពង្រឹងនិងកែលម្អយន្តការនៃការទទួលនិងដោះស្រាយបណ្ដឹងតវ៉ាលទ្ធកម្មឱ្យមានឯករាជ្យភាព ជាមួយនឹងការបង្កើតឱ្យមានរបបដាក់ទោសទណ្ឌ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ធ្វើឡើងដោយស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ដ្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥។ ផ្អែកតាមយុទ្ធសាស្ដ្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈនេះ រាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកែលម្អ និងបំពេញបន្ថែមលើច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ ដែលកំពុងនៅជាធរមាន ឱ្យមានសង្គតិភាពនឹងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។
សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ត្រូវបានអនុម័ត និងចូលជាធរមាន ច្បាប់នេះ នឹងក្លាយជាក្របខ័ណ្ឌគតិយុត្តគោលដ៏សំខាន់មួយសម្រាប់ពង្រឹងប្រព័ន្ធលទ្ធកម្មសាធារណៈ នៅកម្ពុជា លើការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្ម ឱ្យកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព តម្លាភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលវែង ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕