(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនឱ្យយក​លុយ​​សម្រាប់​ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី៣២ នៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​នាព្រឹក​ថ្ងៃ​សុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បែបនេះ «សម្តេចតេជោ បញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្កេម៣២ នៅកម្ពុជាទេ»។

នាពេលកន្លងទៅមានប្រទេសសមាជិកកីឡាស៊ីហ្គេម ធ្លាប់បានបង្ហាញការប្រតិកម្ម​ចំពោះ​​ការ​យកថ្លៃផ្សាយបន្តទៅក្រៅប្រទេសថា មានតម្លៃថ្លៃ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ដែរថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនយកថ្លៃចូលទស្សនាការប្រកួត​ និងការ​ផ្សព្វ​ផ្សាយ នៃការប្រកួតចេញទៅក្រៅប្រទេសដោយឥតគិតថ្លៃ សម្រាប់ផ្សាយបន្តផ្ទាល់»។

ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលប្រារព្ធធ្វើឡើងជាលើកដំបូងនៅកម្ពុជា បន្ទាប់ពីរង់ចាំ​អស់​រយៈពេល៦៤ឆ្នាំ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងជាមោទនភាពមួយ​សម្រាប់​ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ចាប់យកការរៀបចំព្រឹត្តិការណ៍នេះ ជានយោបាយការទូត​មួយ ដើម្បីលើកតម្កើងកិត្តិស័ព្ទរបស់កម្ពុជា។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមនេះដែរ នៅថ្ងៃទី៣០​ ខែមីនា សម្តេច​តេជោ ហ៊ុន សែន ទើបនឹងប្រកាសលុបចោលការយកថ្លៃសំបុត្រសម្រាប់ការ​ចូល​ទស្សនា​គ្រប់វិញ្ញាសារប្រកួតទាំងអស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការប្រតិកម្មជាខ្លាំងចំពោះ​ការលក់សំបុត្រ​នេះ។ សម្តេចតេជោ បានចាត់ទុកទង្វើនេះ ជាការបំផ្លាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជ​រដ្ឋា​ភិបាលក្នុងការរៀបចំព្រឹត្តិការណ៍នេះ៕