(ភ្នំពេញ)៖ លោក មួង សុភក្ត្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានចាត់ទុកការព្យាយាមយកព្រឹត្តិការណ៍គប់គ្រាប់បែកមុខអតីតរដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល គឺគ្រាន់តែចេតនាទុច្ចរិត ដើម្បីកេងចំណេញផ្នែកនយោបាយរបស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី តែប៉ុណ្ណោះ។
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ គឺជារយៈពេល ២៦ឆ្នាំហើយនៃព្រឹត្តិការណ៍គប់គ្រាប់បែកលើសួនច្បារវត្តបទុមវតី មុខវិមានរដ្ឋសភាចាស់។ ព្រឹត្តិការណ៍នោះបណ្តាលឱ្យមនុស្សស្លាប់ ១៦នាក់ និងរបួសជាង១០០នាក់ ពេលពួកគេកំពុងធ្វើសកម្មភាពតវ៉ា ដឹកនាំដោយលោក សម រង្ស៉ី។
រហូតមកដល់ពេលបច្ចុប្បន្នមិនទាន់រកឃើញជនដៃដល់គប់គ្រាប់បែកនេះនៅឡើយទេ ខណៈពេលនោះស្ថានភាពសន្តិសុខកម្ពុជាមានភាពច្របូកច្របល់ និងមានការប្រកួតប្រជែងគ្នាខ្លាំងផ្នែកនយោបាយ។ ក្រោយកើតហេតុការណ៍នោះហើយ រៀងរាល់ថ្ងៃទី៣០ ខែមីនា ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំង តែងព្យាយាមទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល និងចោទប្រកាន់ទៅមេអង្គរក្សសម្តេចតេជោ ហ៊ុន សែន ជាដើម។ ក៏ប៉ុន្តែក្រុមជនក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មិនមានភស្តុតាងជាក់លាក់ណាមួយ គាំទ្រលើការចោទរបស់ខ្លួននោះឡើយ។
លោក មួង សុភក្ត្រ បានគូសបញ្ជាក់ថា «អ្នកនយោបាយមើលឃើញថា មិនមានឯកសារច្បាស់លាស់ មិនមានតឹកតាងណាមួយ ដែលអ្នកនយោបាយប្រឆាំងតែងតែចោទ តែងតែលាបពណ៌ តែងតែប្រើវប្បធម៌ដដែល ដើម្បីចំណេញនយោបាយ»។
«នេះជាការសោកស្តាយមួយ។ ក្នុងនាមជាយុវជន យើងមិនចង់ឃើញខ្មែរនៅតែប្រើវប្បធម៌លាបពណ៌ក្នុងព្រឹត្តិការណ៍ណាមួយ ដើម្បីកេងចំណេញនយោបាយ ដើម្បីឱ្យខ្មែរបែកបាក់គ្នា និងឱ្យខ្មែរមិនចុះសម្រុងគ្នា»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សុភក្ត្រ។
ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក៏បានសម្តែងការសោកស្តាយចំពោះរបៀបធ្វើនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ដែលចេះតែលើកយកព្រឹត្តិការណ៍នេះ ឬព្រឹត្តិការណ៍នោះ ទៅចោទលើរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ប្រជាប្រិយភាព ទាំងការលើកឡើងរបស់ខ្លួនមិនមានភស្តុតាងអ្វីមកបញ្ជាក់ទាំងអស់៕