(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណៈចលនាមហាជនខេត្ត ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត ត្រីមាសទី២ ឆ្នាំ២០២៣ របស់គណៈចលនាមហាជនខេត្ត និងក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សខេត្ត ស្រុក ព្រមទាំងអ្នកពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោក ម៉ាត់ ហ្គោហ្វូត អនុប្រធានគណៈចលនាមហាជន និងលោក ហុក ពេជ្រហោះ អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានអានរបាយការណ៍លទ្ធផលការងារដែលក្រុមការងារទាំង២សម្រេចបាន ក៏ដូចជាលើកទិសដៅផែនការការងារជាបន្តបន្ទាប់ផងដែរ។

មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណ:ចលនាមហាជន និងយុវជនគណបក្ស ដែលតែងតែចូលរួមយ៉ាងសកម្មភាព ក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយ ដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងការងារជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជន នៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តថា សមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្សទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំងថវិកា ដើម្បីជួយសម្របសម្រួល ដល់គណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឈរលើគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ឲ្យងាកមកគាំទ្រនូវគោល នយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាឲ្យបាននូវជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣ នាពេលខាងមុខ គឺបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តទៅមុខទៀត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់គណ:ចលនាមហាជន ក្រុមការងារយុវជនគណបក្សត្រូវសហការជាមួយជនបង្គោលដែលចុះជួយតាមមូលដ្ឋានរៀងៗខ្លួនធ្វើយ៉ាងណាអោយបានល្អក្នុងការងាររួមគ្នាដើម្បីបម្រើប្រជាពលរដ្ឋយើងបានល្អប្រសើរ តាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឲ្យ គណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្តពង្រឹង និងខិតខំអនុវត្តន៍ តាមរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ក្នុងការពង្រឹង និងពង្រីក សមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្ស គឺរក្សាចាស់បង្កើនថ្មី សមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹក ជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ សម្រាប់ការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕