(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបង្ក្រាបជាក់ស្ដែង នូវករណីជួញដូរគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១៦កញ្ចប់ និងម៉ូតូ១គ្រឿងផងដែរ នៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។
ប្រតិបត្តិការចាប់ខ្លួនជនជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចសហការរវាងកម្លាំងនគរបាលផ្នែកយុត្តិធម៌ខណ្ឌ និងកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ ខណៈកំពុងយាមល្បាត ក្នុងភូមិសាស្ត្រ ស្ថិតនៅត្រង់ចំណុចមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវ ជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការបង្ក្រាប និងឃាត់ខ្លួនករណីជួញដូរ គ្រឿងញៀននេះ ត្រូវបានអនុវត្តន៍ដោយបង្ក្រាបជាក់ស្ដែង ក្រោយពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានយើង បានបន្តសហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ ឈរជើងយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៦អា។ ពេលកំពុងចុះល្បាតនោះ ស្រាប់តែប្រទះជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ក៏ឃាត់សួរនាំព្រមទាំងធ្វើការត្រួតពិនិត្យ បានរកឃើញ ថ្នាំញៀនជាប្រភេទម៉ាទឹកកក ដែលជននេះ បានរក្សាទុកចំនួន១៦កញ្ចប់ ដើម្បីយកទៅធ្វើសកម្មភាពចរាចរណ៍ ជួញដូរដោយខុសច្បាប់។
ជាមួយគ្នានោះ សមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ចាម 1P-0629 ពីជនត្រូវសង្ស័យដែលជិះ ធ្វើសកម្មភាពផងដែរ។
លោក ឯក សេរីវុធ បានបន្តថា ជនត្រូវឃាត់ខ្លួន-ឈ្មោះ សា គីរីន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាអ្នកលក់ការ៉េម ស្នាក់នៅផ្លូវលំ ភូមិកំពង់ក្របី ឃុំកក្វារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ជនត្រូវសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿង ញៀនរួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរ បណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕