(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សា និងពិនិត្យ ទៅលើសេចក្តីព្រាងច្បាប់ សេចក្តីព្រាងផែនការជាតិ និងការអភិវឌ្ឍថាមពលអគ្គិសនី។

យោងតាមសេចក្តីជូនព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា របៀបវារៈដែលនឹងត្រូវលើកយកពិភាក្សា និងពិនិត្យក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកនេះរួមមាន៖

១៖ សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ឆ្នាំ២០២១-២០៣០
២៖ សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ
៣៖ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
៤៖ ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជុំកណ្តាលអានុភាព៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។
៥៖ គម្រោងវិនិយោគស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។

ក្រៅតែពីរបៀបវារៈខាងលើហើយនោះ កិច្ចប្រជុំក៏គ្រោងនឹងពិភាក្សា និងពិនិត្យលើសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមផងដែរ។

បើទោះបីជាយ៉ាងណាសម្តេចតេជោ បានបញ្ជាក់ហើយថា កិច្ចប្រជុំថ្ងៃនេះធ្វើត្រឹមម៉ោង១១ប៉ុណ្ណោះ ដោយសារសម្តេចមានធុរៈចាំបាច់ត្រូវបំពេញដាច់ដោយឡែក៕