(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជនកម្ពុជា បានចែករំលែកសារសំខាន់មួយចំនួន ក្នុងន័យជំរុញឱ្យសមាជិកទាំងឡាយយកទៅអនុវត្តដើម្បីសម្រេចវឌ្ឍនភាពការងារ-មុខរបរ ពិសេសគឺសំដៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារ-សង្គមជាតិឱ្យរីកចម្រើនទៅមុខ។

ការថ្លែងសារណែនាំរបស់លោក ឡី សុភាព ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកាយុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធ និងប្រកាសទទួលស្គាល់សមាសភាពសមាគម និងបញ្ចូលសមាជិកសកម្មសមាគមសហព័ន្ធវិនិយោគិនកម្ពុជា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា សមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក សមាគមសម្ពន្ធភាពកសិកម្មនិងបរិស្ថានកម្ពុជា និងសមាគមសហព័ន្ធទេសចរណ៍និងបដិសណ្ឋារកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស។

បន្ទាប់ពីថ្នាក់ដឹកនាំសមាគមទាំង៥ខាងលើឡើងអានសេចក្ដីសម្រេច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរួចមក លោកបណ្ឌិត ឡី សុភាព បានថ្លែងនូវសារផ្ដាំផ្ញើសំខាន់មួយចំនួនផ្ដោតលើការកសាងរចនាសម្ពន្ធសមាគម ការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់-លិខិតបទដ្ឋានគតិយុត្ត ការប្រកបការងារ អាជីវកម្ម ឬមុខរបរប្រកបដោយក្ដីសុចរិត ក៏ដូចជាអំពានាវឱ្យចូលរួមថែរក្សាការពារសន្តិភាពជាដើម។

លោកបានឱ្យដឹងថា ការប្រកបការងារ អាជីវកម្ម ឬកិច្ចការងារផ្សេងៗត្រូវមានធាតុ៣សំខាន់ នោះគឺត្រូវមានខ្នងបង្អែក ត្រូវមានដៃគូសហការ និងត្រូវមានអ្នកហែហម។ លោកថា ការមានខ្នងបង្អែកដែលរឹងមាំ គឺជារចនាសម្ពន្ធចាត់តាំង មិនមែនបុគ្គលម្នាក់ៗនោះទេ ដូច្នេះមនុស្សក្នុងរចនាសម្ពន្ធត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយរួម ចរិតតស៊ូ។ ម្យ៉ាងទៀត អ្នកនៅក្នុងរចនាសម្ពន្ធត្រូវមានវិន័យ របៀបរបប ព្រោះបើធ្វើការមួយគ្មានវិន័យ នឹងធ្វើឱ្យរចនាសម្ពន្ធប្រែប្រួល នោះរចនាសម្ពន្ធអាចបាត់ភាពរឹងមាំ «ចង់ទាក់ទាញអ្នកដទៃឱ្យធ្វើការជាមួយយើង យើងក៏ត្រូវមានវិន័យដែរ»។

លោក ឡី សុភាព បានបន្តទៀតថា ចង់ធ្វើកិច្ចការអ្វីមួយត្រូវតែមានការចាត់តាំងតាមតួនាទី និងភារកិច្ច ស្របទៅតាមផែនការយុទ្ធសាស្ត្រ ឬគោលនយោបាយ។ លើសពីនេះក៏ត្រូវឱ្យស្របនឹងគោលនយោបាយ ច្បាប់-លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលដែរ។

ម្យ៉ាងទៀតគឺត្រូវប្រកាន់នូវលក្ខណៈវិទ្យាសាស្ត្រ បានន័យថា ធ្វើអ្វីមួយដែលអាចធ្វើទៅបាន ត្រូវចេះមើលនាយមើលអាយ មើលឆ្វេងស្ដាំ មើលភ្លៀងខ្យល់ដែរ។ ត្រូវបំពេញការងារប្រកបទៅដោយគតិបណ្ឌិត ត្រូវប្រកបដោយវិជ្ជាជីវៈ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្រៅពីមានរចនាសម្ពន្ធរឹងមាំ មានវិន័យ និងមានចំណេះជំនាញហើយនោះ គឺត្រូវចេះកសាងមូលដ្ឋានសេដ្ឋកិច្ច និងនយោបាយ ដើម្បីសម្រេចវឌ្ឍនភាពក្នុងការប្រកបការងារ និងមុខរបរ សំដៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឱ្យរីកចម្រើនទៅមុខ។

លោកប្រធានក៏បានបន្តផ្ដាំផ្ញើដល់សមាជិកសមាគមទាំង៥ខាងលើ ឱ្យត្រូវអនុវត្តការងារ និងប្រកបមុខរបរប្រកបដោយក្ដីសុចរិត និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ប្រការ គឺ៖ មេត្តា៖ ការស្រឡាញ់រាប់អានគ្នាដោយសុទ្ធចិត្ត មិនប្រើអំពើហិង្សាដាក់គ្នា ការសណ្ដោសប្រណី។ ករុណា៖ សេចក្ដីអាណិតអាសូរដល់គ្នា ការប្រាថ្នាចង់ឲ្យអ្នកដទៃបានសុខ។ មុទិតា៖ ការមិនច្រណែនឈ្នានីសគ្នា ការត្រេកអរនឹងអ្នកដទៃបានសុខ។ ឧបេក្ខា៖ ការតាំងចិត្តជាកណ្ដាលប្រកបដោយយុត្តិធម៌ មិនលម្អៀងដោយអគតិ៤ប្រការ មានឆន្ទាគតិ ទោសាគតិ មោហាគតិ និងភទាគតិ។

ក្រៅពីនេះក៏ត្រូវប្រកាន់នូវធម៌វិជ្ជមានឱ្យបានច្រើនក្នុងខ្លួន ពិសេសគឺត្រៃកូដធម៌ទាំង៣៖ សច្ចៈ (សេចក្ដីទៀងត្រង់) ខន្ដី (សេចក្ដីអត់ធ្មត់) កតញ្ញូតា (សេចក្ដីដឹងគុណ) ហើយដាច់ខាតគឺត្រូវវៀសចាសនូវការប្រមាថ ដែលនឹងនាំសេចក្ដីអន្តរាយមកដល់ខ្លួន និងអ្នកដទៃ។

គួរជម្រាបថា សមាជិក-សមាជិកាយុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធ ដែលត្រូវបានប្រកាសទទួលស្គាល់សមាជិកសកម្មសមាគមទាំង៥ខាងលើនោះមានចំនួនសរុប១៨៤នាក់ ក្រោយបានបញ្ចប់ការបណ្ដុះបណ្ដាលពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងពីសមាគមនីមួយៗផងដែរ៕