(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា(CAMSAFE) នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ដោយផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មានរយៈពេលពីរថ្ងៃនៅវិទ្យាល័យ១០មករា ១៩៧៩។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរក៏មានការចូលរួមពីលោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមតាមរយៈវីដេអូហ្សូមពីចម្ងាយក្រៅប្រទេសពីសំណាក់លោកស្រីតំណាងអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា និងលោកស្រីតំណាងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលនៃអង្គការសហប្រជាជាតិ(UNITAR) ផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណងបង្កើនសមត្ថភាពអ្នកប្រើប្រាស់ផ្លូវ ដើម្បីបង្ការការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងតាមរយៈការ ប្រើប្រាស់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ លើកទឹកចិត្តឲ្យមានការអនុវត្តវិធានការណ៍នានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមរយៈការបង្រៀន ការធ្វើយុទ្ធនាការ និងចែករំលែកបទពិសោធន៍ដែលទទួលបានបង្កើនការរួមគ្នាធ្វើសហប្រតិបត្តិការជាពិសេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលមានពាក់ ព័ន្ធដល់ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

លើកឡើងនាឱកាសនោះលោក លី ប៊ុនណា បានបញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជានៅតែជាបញ្ហាប្រឈម និងជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលដោយសារវាបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត របួស ពិការ ធនធានមនុស្សបន្សល់ទុកនូវ កុមារ កំព្រា ស្ត្រីមេម៉ាយ និងធ្វើឱ្យបាត់បង់នូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

លោកបានបន្តថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប្រឹងប្រែងឆ្លើយតប និងចាត់វិធានការដោះស្រាយតាមគ្រប់រូបភាព រួមទាំងការប្រើប្រាស់កំលាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថ កំលាំងប្រជាការពារ រួមទាំងមានកិច្ចសហការ ជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតមានក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល និងចុះផ្សព្វផ្សាយតាមរយៈកម្លាំងយុវជនស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនកាយរិទ្ធិជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុង សហគមន៍ ស្តីពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របៀបពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ ផលប៉ះពាល់នៃការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការប្រើប្រាស់ល្បឿនហូសកំណត់ និងឥរិយាបទធ្វើដំណើរប្រកបដោយ គ្រោះថ្នាក់ដ៏ទៃផ្សេងទៀត កាន់តែទូលំទូលាយជាងមុន។

លោក លី ប៊ុនណា បានបន្តទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសហការជាមួយមន្ទីរ និងសមត្ថកិច្ចនានា ក្នុងការផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាព ចរាចរណ៍ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ក្រោយពេលពួកគាត់បានយល់ដឹងគឺ បានចុះអនុវត្តសកម្មភាពផ្សព្វផ្សាយដល់យុវជន យុវសិស្សលោកគ្រូអ្នកគ្រូ នៅគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយនូវសារសុវត្ថិភាពចរាចរណ៍ តាមខិត្តប័ណ្ណ រូបភាពផ្ទាំងធំនៅតាមទីតាំងភ្លើងសញ្ញាចរាចរណ៍ តាមទីសាធារណៈ សហគមន៍។

លោកបានបន្ថែមទៀតថា ការទទួលទានគ្រឿងស្រវឹងជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែជារៀរាល់ថ្ងៃឃើញមានព័ត៌មានផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជារឿយៗ។ លោករំពឹងថា បន្ទាប់ពីបានបញ្ចប់វគ្គនេះរួចមក លោក លោកស្រី ដែលជាគ្រូបង្គោលនឹងបានទទួលចំណេះដឹង និងមានភារកិច្ចធ្វើការ ផ្សព្វផ្សាយចែករំលែកបន្តដល់ មន្រ្តី និយោជិក តាមអង្គភាពនីមួយៗ យុវសិស្សក្នុងគ្រឹះស្ថានសិក្សា្រជាពលរដ្ឋក្នុងសហគមន៍ ហើយសកម្មភាពចូលរួមរបស់លោកគ្រូ អ្នកគ្រូបន្ទាប់ពីបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះនឹងអាច រួមចំណែកជួយឲ្យរាជរដ្ឋាភិបាលក្នុងការសម្រេចបានតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលបានកំណត់គោលដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ឲ្យបាន៥០%ត្រឹមឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយនេះដែរ លោកក៏បានសម្ដែងនូវមោទកភាព និងថ្លែងអំណរគុណចំពោះអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលនអង្គការសហប្រជាជាតិ(UNITAR ) និងកាជួយឧបត្ថម្ភពីក្រុមហ៊ុន PERNODRICARD CAMBODGE សម្រាប់ការបើកវគ្គគ្រូបង្គោលសុវត្ថិភាពចរាចរណ៍នៅពេលនេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តសៀមរាប៕