(សៀមរាប)៖ បន្ទាប់ពីចូលរួមបុណ្យសពលោក ផេង ចន្ធូ អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះដោយសាររលំប៉ាណូសង្កត់ កាលពីល្ងាចថ្ងៃទី២៩ ខែមីនារួច លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោក ទៀប ប៊ុនឈួយ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង ព្រមទាំងសហការី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់លោក ជា ណារ៉ាត់ អាយុ៣៣ឆ្នាំ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលរងគ្រោះដោយសាររលំប៉ាណូសង្កត់ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្នុងឱកាសនេះដែរ​ លោក ស៊ុំ សំអន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ដែលបណ្ដាលឱ្យរងរបួសធ្ងន់យ៉ាងនេះ។

លោកបានបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ដែរថា អំណោយមនុស្សធម៌ផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣០គក្រ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា៤សែនរៀលផងដែរ។ ជាមួយគ្នានេះដែរ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង ក៏បានចូលរួមឧបត្ថម្ភបន្ថែមនូវថវិកាចំនួន២សែនរៀល និងលោកមេឃុំត្រពាំងធំថវិកាចំនួន ១សែនរៀលផងដែរ៕