(បន្ទាយមានជ័យ)៖ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត និងស្ថិតក្រោមដឹកនាំសម្របសម្រួលតាមផ្លូវច្បាប់ ពីសំណាក់ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលទើបចូលកាន់ដំណែង បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងវត្ថុតាងមួយចំនួន។
មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោយពីកម្លាំងនគរបាល បានធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញា ជនសង្ស័យចែកចាយគ្រឿងញៀន ព្រមទាំងឃាត់ខ្លួនបាន៥នាក់ និងវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វតាមីន៣ថង ថ្នាំញៀនគ្រាប់១គ្រាប់ និងសំភារៈមួយចំនួនធំផងដែរ នៅក្នុងសង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ។
ជនសង្ស័យដែលឃាត់ខ្លួននេះ ទី១ឈ្មោះ សុភក្រ័ អានុន ភេទប្រុស អាយុ១៧ឆ្នាំ ទី២ ឈ្មោះ ស៊ឹម ចាន់រ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ទី៣ ឈ្មោះ ដា ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ទី៤ ឈ្មោះ ហុំ ដារី ភេទស្រី អាយុ២៨ឆ្នាំ និងទី៥ ឈ្មោះ ហុង ធីង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់នេះ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕