(ត្បូងឃ្មុំ)៖ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត លោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្ត និងលោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន។

ការបោះឆ្នោតនេះប្រពឹត្តិទៅនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីលោកឧកញ៉ា លោក លោកស្រីសមាជិកសភាពាណិជ្ជកម្មខេត្ត ក្រុមការងារមន្ទីរ ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសមាជិកសភាពាណិជ្ជកម្មក្នុងអាណត្តិ និងបេក្ខជនឈរឈ្មោះជាច្រើនរូបទៀត។

សូមជម្រាបថា បេក្ខជនចំនួន៧រូបបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មត្បូងឃ្មុំ អាណត្តិទី១ លើកទី២ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន៩រូប ដែលទទួល បានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តត្បូងឃ្មុំ ចំនួន១៤៥នាក់ស្មើនឹង ៧០% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន២០៨នាក់។ ក្រោយការបោះឆ្នោត ជាលទ្ធផលសមាសភាពប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នាអាណត្តិទី១ លើកទី២នេះ បានទៅលើលោកឧកញ៉ា សុខ ហ៊ាង ដែលទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធាន ចំនួន១៣សម្លេង នៃចំនួនសមាជិកជ្រើសតាំងសរុបទាំង១៥ រូប លើបេក្ខជនឈរស័គ្រ្មចិត្តឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មចំនួន០៧រូប ។

នៅក្នុងឱកាសនោះដែរ គណៈកម្មការបានសម្រេចតែងតាំងបេក្ខជនទាំង៦រូបដែលមិនទទួលបានការគាំទ្រជាប្រធានសភាពាណិជ្ជកម្ម ទៅជាអនុប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២បន្តផងដែរ ។

មានប្រសាសន៍នាឱកាសនោះលោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ បានគូសបញ្ជឆក់ថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នឹងជួយក្នុងការសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្តកាន់តែមានសន្ទុះទ្វេឡើង ដែលផ្តល់លក្ខណៈងាយស្រួលដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសក៏ដូចជា ប្រជាពលរដ្ឋពិសេសក្នុងគោលបំណងធំ លើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ។

នាឱកាសនោះដែរលោក បួន សារៈមុនី ក៏បានណែនាំដល់សមាជិកសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត និងសមាជិកនៅក្នុងអាណត្តិត្រូវមានសាមគ្គីភាពនៅក្នុងការបំពេញការងារ បន្តសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរដែនដី និងមន្ទីរពាណិជ្ជកម្មខេត្តដែលជាអាណាព្យាបាល ជួយទាក់ទាញវិនិយោគគិនពីបរទេសឱ្យបណ្តាក់ទុនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេសផងដែរ។

ជាមួយគ្នានោះលោក បានផ្តល់អនុសាសន៍ណែនាំដល់ឧកញ៉ាប្រធានសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត គួរបង្កើត Chanel telegram សភាពាណិជ្ជកម្ម ដើម្បីចងក្រងរៀបជាក្រុមជាមួយសមាជិក សមាជិការ រួមនឹងអាជីវករទាំងអស់ ដើម្បីពួកគាត់បានទទួលគ្រប់ព័ត៌មាននៃសកម្មភាពការងាររបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ៕