(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួន១៨២នាក់ ដែលធ្លាប់បានរងហានិភ័យដោយសារទឹកជំនន់កាលពីឆ្នាំ២០២២កន្លងមក នៅភូមិទាំង០៦ ក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ លោក សាយ គឹមឡម ក៏បានណែនាំបន្ថែមដល់គ្រប់រដ្ឋបាលឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ឬគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ហើយត្រូវផ្តល់សេវានិងជួយ ឲ្យបានទាន់ពេលវេលា។

លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភនូវសាច់ប្រាក់ សម្រាប់គ្រួសារក្រីក្រ ងាយរងហានិភ័យ គឺជាការគិរគូរនិងយកចិត្តទុកដាក់បំផុត របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ គឺមិនដែលទុកឲ្យជនក្រីក្រណាម្នាក់រងគ្រោះដាច់ពោះស្លាប់ដោយសារអត់ស្បៀងឬខ្វះចំណីអាហារ។ អាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ ហើយអាជ្ញាធរថ្នាក់ក្រោមជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវធ្វើការឆ្លើយតប និងដោះស្រាយទៅនឹងបញ្ហានេះ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត។

លើសពីនេះលោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានត្រូវមាន ការជឿជាក់ខ្ពស់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រង គ្រោះមហន្តរាយឬហានិភ័យផ្សេងៗ តែងតែផ្ដល់នូវស្បៀងសង្គ្រោះក៏ដូចជាការឧបត្ថម្ភនូវសាច់ប្រាក់ ប្រចាំខែដល់គ្រួសារងាយរងហានិភ័យផងដែរ និងបានណែនាំដល់អាជ្ញាធរភូមិឃុំត្រូវធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រនិងងាយរងហានិភ័យឲ្យបានត្រឹមត្រូវនិងជាក់លាក់បំផុតដើម្បី ឆ្លើយតបនិងការសង្គ្រោះពួកគាត់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះលោក សាយ គឹមឡម ក៏បានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋទាំង១៨២ នាក់ នូវសារុងម្នាក់មួយ ដែលជាអំណោយរបស់លោកនិងលោកស្រី ស៊ឹង ផល្លា ផ្ទាល់ផងដែរ៕