(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ ចុះបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ដែលក្នុងនោះមានភូមិចំនួនពីរ គឺភូមិកណ្តាញ់ និងភូមិលំទំពូង ត្រូវបានបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យ ដែលមានក្បាលដីចំនួន ៣.១៧៦ក្បាល ដើម្បីឈានទៅដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ។
លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា នៅភូមិកណ្តាញ់ និងភូមិលំទំពូង នៃឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានក្បាលដីចំនួន ៣.១៧៦ ក្បាល ដែលមានស្ថានភាពក្បាលដីដូចតទៅ៖ ដីលំនៅឋាន ៧៣៨ក្បាលដី, ដីកសិកម្ម ២.៤២៨ក្បាលដី, ទ្រព្យខាងប្ដី ៧៣៣ក្បាលដី ទ្រព្យខាងប្រពន្ធ ១៣៦០ក្បាលដី, ទ្រព្យលីវ ៣៧៤ក្បាលដី, ទួលកប់ខ្មោច ៧ក្បាលដី, ទ្រព្យសហគមន៍ ១ក្បាលដី, កម្មសិទ្ធិអវិភាគ ៦ក្បាលដី, ត្រពាំង ១ក្បាលដី, ចេតិយ ១ក្បាលដី, ដីមានវិវាទ ៣ក្បាលដី, ដីគ្មានទិន្នន័យ ១០៦ក្បាលដី។
នាឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោក ម៉ៅ ធនិន ក៏បានលើកឡើងថា យន្តការនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ គឺជាយន្តការដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ទៅតាមតម្រូវការ ហើយការងារនេះប្រមុខរាជរដ្ឋាភិបាលក៏បានជំរុញដល់មន្ត្រីជំនាញ ពិសេសអាជ្ញាធរ ដែលពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមគ្នាដើម្បីពន្លឿននៃការចេញប័ណ្ណកម្មសិទ្ធិនេះ ជូនពលរដ្ឋឱ្យបានឆាប់បំផុត។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់ក្បាលដីនីមួយៗ ត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវទិន្នន័យក្បាលដីរបស់ខ្លួន មុនពេលសម្រេចចិត្តទទួលយក។ ម្យ៉ាងទៀតប្រជាពលរដ្ឋ ដែលមានក្បាលដីនៅជិតគ្នា ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា កុំចង់បានរបស់គ្នាទៅវិញទៅមក ពិសេសកុំឱ្យមានការទាស់ទែងគ្នា ដែលបណ្តាលឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីនេះ មានការរាំងស្ទះ៕