(កំពង់ធំ)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកអំណោយថ្នាំពេទ្យ និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤៧៦នាក់ ចុះពិនិត្យព្យាបាលជំងឺ ចែកឱសថ និងបណ្តុះបណ្តាលសង្រ្គោះបឋម ហើយនិងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ដល់ដូសទី៦ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៦៧៣៩នាក់ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មានជ័យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ការពិនិត្យ និងព្យាបាលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នេះធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយមានកិច្ចសហការពីលោក ញឹក បានខេង អភិបាលរង តំណាងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ មន្ទីរជុំវិញខេត្ត ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងក្រុមការងារ និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត កែវ ដារី តំណាង ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពង់ធំ និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ។

លោក ញឹក បានខេង អភិបាលរង តំណាងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានកោដសរសើរខ្ពស់ និងថ្លែងអំណរគុណ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែមានសកម្មភាពយ៉ាងសកម្មចុះជួយពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មជាច្រើនលើកច្រើនសារ ក្នុងខេត្តកំពង់ធំ
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។

លោកបន្ថែមថា «សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ»

លោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៣០ មីនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១១,៧០៦នាក់ (មួយម៉ឺនមួយពាន់ប្រាំពីររយប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៣៦៥នាក់ (ប្រាំមួយពាន់មីរយហុកសិបប្រាំនាក់)»

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៩០៧លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៥៦៦,៧៩៩នាក់ (ដប់មួយលានហាសិបប្រាំមួយម៉ឺនប្រាំមួយពាន់ប្រាំពីររយកៅសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៩១០,២៩០នាក់ (ប្រាំលានកៅសិបមួយម៉ឺនពីររយកៅសិបនាក់) គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានចំនួនបានចំនួន ២ភាគ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមាន ចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលានប្រាំបួនម៉ឺនមួយពាន់បួនរយហុកសិបបួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃ។

ប្រធានប្រត្តិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះបន្ថែមថា «ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៤១៧,០០៤ដូស (ដប់លានសែសិបមួយម៉ឺនប្រាំពីរពាន់បួនដូស) ក្នុង២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៧៨,៣៣៩,៩៥០ដុល្លារ (ប្រាំរយចិតសិបប្រាំបីលានសាមសិបបីម៉ឺនប្រាំបួនពាន់ប្រាំបួនរយហាសិបដុល្លារសហរដ្ឋអាមេរិក)»

ជាចុងក្រោយ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា «ពិតជាត្រឹមត្រូវណាស់ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយ និងជាតិមាតុភូមិរបស់យើង។ ដូចនេះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានឹងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត។ សូមអរគុណបងប្អូនទាំងអស់ ដែលតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ»