(កំពង់ឆ្នាំង) ៖ ស្របពេលទឹកទន្លេ កំពុងចាប់ផ្តើមឡើង បានបន្តិច នារដូវវស្សាឆ្នាំ២០១៦នេះ បទល្មើសរបាំងណរ៉ាវជាច្រើនកន្លែង ត្រូវបានក្រុមឈ្មួញកំពុងធ្វើសកម្មភាព យ៉ាងអានាធិបតេយ្យ ដាក់រាយពាសពេញ លើផ្ទៃទឹកបឹងទន្លេសាប ក្នុងចំណុចភូមិសាស្ត្រប្រទល់៣ខេត្ត (ចំណុចក-ដប) តែប្រជាពលរដ្ឋមិនបានឃើញមន្រ្តីជលផល និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបនោះទេ ដែលបទល្មើសនេសាទទាំងនេះ ស្ថិតនៅក្នុងទឹកដីស្រុកបូរិបូណ៍ ខេត្តកំពង់ឆ្នាំង ទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទឹកដី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
របាំងសាច់អួនទំនើបទាំងនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ត្រូវគេដាក់នៅចំណុចព្រែកក្របី និងព្រែអ្នកតាស្ដេចក្មេង ស្ថិតក្នុងភូមិក្រចាប់ ឃុំឆ្នុកទ្រូ ក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះ បទល្មើសនេសាទខាងលើ ត្រូវគេដាក់នៅពាសពេញ តាមមាត់បឹងទន្លេសាបចាប់ពីព្រែកតាពេជ្យ រហូតដល់ជ្រោយស្ដី ស្ថិតនៅក្នុងភូមិផ្លូវស្ទឹង ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងនៅតាមដងទន្លេ ចាប់ពីចំណុចព្រែកផ្សោត ចំណុចខ្វែងក្របី ចំណុចមុខព្រែកប្រទាល់ ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងជាប់ព្រំប្រទល់ ស្រុកស្ទោងខេត្តកំពង់ធំ។
ប្រជាពលរដ្ឋមូលដ្ឋានបានឲ្យដឹងថា «ក្នុងមួយថ្ងៃៗ ក្រុមជនល្មើសទាំងនេះ បានចាប់ត្រីចម្រុះគ្រប់ប្រភេទ ពី៥តោនទៅ១០តោន។ ឧបករណ៍របាំងសាច់អួន ក្រឡាញឹកទាំងនោះ ជាបទល្មើសត្រូវបានច្បាប់ហាមឃាត់ និងបិទការនេសាទទាំងស្រុង ដែលជារដូវត្រីធ្វើចរាចរណ៍ ចូលទៅព្រៃរនាមរកកន្លែងពងកូន។ ទោះជាឧបករណ៍បំផ្លិចបំផ្លាញពូជមច្ឆាជាតិទាំងនោះ កើតមានយ៉ាងណាក្ដី ក៏គេមិនដែលឃើញមន្ត្រីជំនាញជលផល និងអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទីគ្រប់គ្រង ក្នុងដែនសមត្ថកិច្ចតំបន់ខាងលើនោះ ចុះទៅធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅរិះគន់ថា មានការឃុបឃិតត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបអាចនេសាទឧបករណ៍ល្មើសច្បាប់ទាំងនេះ បានដោយគ្មានការរំខានពីសំណាក់ជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនារដូវ បិទនេសាទនេះឡើយ»។
សូមរម្លឹកផងដែរថា បទល្មើសរបាំងសាច់អួនទំនើប បានកើតឡើងនៅចំណុចខាងលើជាច្រើនឆ្នាំមកហើយ មិនមែនទើបកើតមានក្នុងពេលបច្ចុប្បន្ននេះឡើយ អ្នកនេសាទដែលប្រើឧបករណ៍របាំងណរ៉ាវសាច់ខៀវ និងសាច់ក្រហមច្រើនជាងគេ មកពីភូមិក្រចាប់ និងភូមិផ្លូវផ្សា ភូមិកំពង់ថ្គោល ខេត្តពោធិ៍សាត់។
បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅ ភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ចាប់ផ្ដើមសំរុកយករបាំងសាច់ក្រហមមកដាក់ក្នុងទឹកដី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រិតតែច្រើនឡើងៗដោយសារមន្ត្រីជលផលនៅទីនោះ មានភាពធូរលុងទើបបណ្ដាលឲ្យបទល្មើស រីកសាយធំទៅៗ ស្ទើតែរកផ្លូវបើកការណូតចេញចូលមិនបានឡើយ។
ពាក់ពន្ធ័ករណីខាងលើនេះ លោក ពុំ និមល នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ លោក ប៉ែន សុវណ្ណរិទ្ធ នាយខណ្ឌជលផលខេត្តកំពង់ធំ និងមន្រ្តីជលផល ខេត្តកំពង់ឆ្នាំង មិនទាន់អាចសំការបំភ្លឺណាមួយបាននៅឡើយទេ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ផងដែរថា នាពេលកន្លងទៅ ការដែលមន្ត្រីរដ្ឋបាលជលផលធ្លាប់អះអាង ក្នុងការចុះបង្ក្រាបបទល្មើសជលផល នៅភូមិសាស្ត្រដែលកើតបទល្មើសខាងលើនេះ ត្រូវបានមជ្ឈដ្ឋានទូទៅ ដែលតាមដានសង្កេត ដឹងរឿងបញ្ហាបទល្មើសក្នុងបឹងទន្លេសាប ធ្វើការិះគន់យ៉ាងខ្លាំងថា ឃើញតែសន្យាធ្វើការបង្ក្រាបហាក់គ្មានប្រសិទ្ធិភាព និងលទ្ធផលឆ្លើយតប ហើយការសន្យាអះអាងបង្ក្រាបឲ្យដូចភ្លៀងរលឹម ឬមិនឲ្យបទល្មើសផ្សេងៗ កើតឡើងក្នុងដែនសមត្ថកិច្ច របស់ខ្លួនជាដើម តែផ្ទុយទៅវិញ គេសង្កេតឃើញ បទល្មើសបានកើនឡើងជាលំដាប់ ពីមួយឆ្នាំទីមួយឆ្នាំ បើមានការបង្ក្រាបធ្វើបានតែចំពោះបទល្មើស តូចតាចដែលមិនបង់លុយ ឲ្យតែប៉ុណ្ណោះ៕