(កំពត)៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាសាលាស្រុកទឹកឈូ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យការបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ជំរឿនកសិកម្ម ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលមានមន្ត្រីចំនួន៤៧នាក់ មកពីស្រុកចំនួន៣ រួមមាន៖ ស្រុកទឹកឈូ ក្រុងកំពត និងក្រុងបូកគោ ដែលត្រូវទទួលការបណ្តុះបណ្តាល និងចុះអនុវត្តការធ្វើជំរឿនកសិកម្មក្នុងស្រុក ក្រុងទាំង៣នេះ។

ក្នុងពិធីនេះដែរ ក៏មានការអមដំណើរនិងអញ្ជើញចូលរួមពីលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោក ចាន់ ថា អភិបាលរងខេត្តកំពត លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ លោក មឿង គង្គា ប្រធានមន្ទីរផែនការខេត្តកំពត និងថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួងផែនការ អញ្ជើញចូលរួមផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល លោកកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលពីគ្រូបង្គោលមកពីក្រសួងផែនការ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ មានសីលធម៌ក្នុងវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន ដោយមិនត្រូវឱ្យមានការធ្វេសប្រហែស ឬបង្កលក្ខណៈខុសឆ្គងប្រាសចាកពីភារកិច្ច និងក្រមសីលធម៌របស់ខ្លួនឡើយ។ ជាងនេះទៅទៀត ត្រូវចេះសហការគ្នា ជាមួយមន្ទីរផែនការខេត្ត ដើម្បីអនុវត្តការងារធ្វើជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣នេះ អោយសម្រេចបានលទ្ធផលគួរជាទីទុកចិត្ត និងប្រសិទ្ធភាព។

លោកកិត្តិសេដ្ឋាបណ្ឌិត ក៏សូមអំពាវនាវដល់ម្ចាស់អង្គភាពកសិកម្ម មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និង គ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់ សូមជួយគាំទ្រ និងផ្តល់ទិន្នន័យ ព័ត៌មាន តាមតារាងសំណួរដល់មន្រ្តីជំរឿនកសិកម្មឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ជាក់លាក់ និងទាន់ពេលវេលា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានបង្កលក្ខណៈងាយស្រួល ដល់មន្ត្រីសម្ភាសន៍ និងក្រុមការងារទាំងអស់ ដើម្បីអោយការអនុវត្តធ្វើជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា៖ ក្នុងខេត្តកំពត មានក្រុង ស្រុក ចំនួន៩ ឃុំ/សង្កាត់ចំនួន៤៩ ភូមិចំនួន៤៩១ភូមិ មានគ្រួសារកសិកម្មចំនួនប្រមាណ ១៦៥០០០គ្រួសារ ដែលគ្រោងនឹងប្រើប្រាស់មន្ត្រីត្រួតពិនិត្យចំនួន២៧នាក់ និងមន្ត្រីសម្ភាសន៍ចំនួន១៧៩នាក់៕