(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាលព្រះសីហមុនីរាជា មានសង្ឃដីកាអំពាវនាវដល់យុវជនទាំងអស់ ត្រូវចេះដឹងគុណ ចំពោះអ្នកធ្វើអំពើល្អដល់ខ្លួន ហើយត្រូវតបស្នងនូវអំពើទៅវិញ ដើម្បីបានជាគុណធម៌ក្នុងជីវិត។

ក្នុងពិធីបើកការប្រឡងជ្រើសរើសមណនិស្សិត និងនិស្សិត ឲ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី១៨ ឆ្នាំសិក្សា២០២៣-២០២៤ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាថា មនុស្សម្នាក់ៗ តែងតែទទួលបានការជួយពីមនុស្សជាច្រើននៅជុំវិញខ្លួន ដែលក្នុងនោះមានមាតាបិតា សាច់ញាតិ គ្រូបង្រៀន និងថ្នាក់ដឹកនាំប្រទេសជាដើម។

សម្ដេចព្រះមហាសង្ឃរាជ មានសង្ឃដីកាបន្តថា យុវជនជាសិស្សនិស្សិត ត្រូវមានការចង់ចាំថា ខ្លួនបានសិក្សារៀនសូត្រ ប្រកបដោយសុវត្ថិភាព ក្នុងអគារសិក្សាល្អ គឺមកពីការខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ហើយត្រូវតបស្នងរាជរដ្ឋាភិបាល តាមរយៈការប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹង មកជួយអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសត្រូវធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីកុំឲ្យសង្គមជាតិ មានផលវិបាកដោយសារខ្លួន។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានសង្ឃដីកាបន្ថែមថា ជាក់ស្ដែងដូចសមណនិស្សិត និងសិស្សនិស្សិត បានសិក្សានៅពុទ្ធិកសាលលវិទ្យាព្រះសីហមុនីរាជា ដោយឥតគិតថ្លៃរយៈពេល ៤ឆ្នាំ តាមរយៈទទួលនូវអាហារូបករណ៍ ១០០ភាគរយ ដែលនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ពីថ្នាក់គណៈគ្រប់គ្រងសាលា ពិសេសការគិតគូពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបសិស្សនិស្សិតទាំងអស់ បានសិក្សាបានបែបនេះ។

បើតាមលោក ងួន ស្ដេចភក្តី មានប្រសាសន៍ថា សម្រាប់សមណនិស្សិត និងសិស្សនិស្សិត ត្រូវប្រឡងចូលសិក្សាឆ្នាំថ្មីនេះ មានចំនួនជាង ៧០០អង្គ/នាក់ ដោយផ្ដោតឡើងជំនាញមួយចំនួន ក្នុងនោះមានគណិតវិទ្យា និងភាសាអង់គ្លេសជាដើម៕