(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនកម្ពុជា និងជប៉ុន នឹងចាប់ដៃគ្នាបង្កើតមជ្ឈមណ្ឌលគំរូមួយ (Center of Excellence) ដើម្បីបណ្តុះបណ្តាលជំនាញស្របទៅ តាមបទដ្ឋានទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដល់ប្រជាពលរដ្ឋកម្ពុជា។
លោក អ៉ិត សំហេង ថ្លែងបញ្ជាក់ដូច្នេះ ក្នុងពេលរូបលោកអញ្ជើញចូលរួមក្នុងពិធី ចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន អ៉ឺង រិទ្ធី គ្រុប ខូអ៉ិលធីឌី (URG) ជាមួយក្រុមហ៊ុន NIPPON MANUTURING SERVICE (MNS) របស់ជប៉ុន ក្នុងការបញ្ជូននិងទទួលពលករ កម្ពុជាទៅធ្វើការនៅប្រទេសថៃ និងកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន។ ក្រុមហ៊ុនទាំងពីរនេះ ក៏បានព្រមព្រៀងគ្នាក្នុងការបង្កើត មជ្ឈមណ្ឌលគំរូ (Center of Excellence) ផងដែរ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឱ្យដឹងថា មជ្ឈមណ្ឌលគំរូនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជានូវការ ជួយតម្រង់ទិស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យពួកគាត់មានជំនាញត្រឹមត្រូវ តាមបទដ្ឋានជំនាញ នៃទីផ្សារការងារក្នុងប្រទេស និងក្រៅប្រទេស។ ជាពិសេសមណ្ឌលនេះ ក៏ជាការបណ្ដុះបណ្ដាល ដើម្បីផ្គត់ផ្គង់ហត្ថពលករកម្ពុជាជំនាញៗ ដល់អ្នកវិនិយោគបរទេស ដែលចូលមកវិនិយោគក្នុងប្រទេសកម្ពុជា។
លោកស្រី អ៉ឺង ស៊ាងរិទ្ធី ប្រធានក្រុមហ៊ុន អ៉ឺង រិទ្ធី គ្រុប បានលើកឡើងថា ក្រុមហ៊ុន អ៉ឺង រិទ្ធី គ្រុប បាននិងកំពុងសិក្សាបង្កើតមណ្ឌលនេះ ឡើងជាមួយបច្ចេកវិទ្យាខ្ពស់។ លោកស្រីបន្តថា ការបង្កើតមជ្ឈមណ្ឌលគំរូនេះ មានការគាំទ្រពីក្រុមហ៊ុនជាដៃគូជាច្រើនដែលមាននៅ ប្រទេសមួយចំនួន រួមមានមានប្រទេសថៃ ចិន វៀតណាម ម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម។
ដើម្បីធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលចេញទៅធ្វើការនៅក្រៅប្រទេសនោះ លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានស្នើ ក្រុមហ៊ុន អ៉ឺង រិទ្ធី និង ក្រុមហ៊ុន NIPPON MANUTURING SERVICE របស់ជប៉ុន ឲ្យរៀបចំផែនការសកម្មភាព ដូចជាការ បណ្ដុះបណ្ដាលមុនពេលបញ្ជូនពលករ និងត្រូវតែបញ្ជូនពួកគាត់ត្រឡប់ មកមាតុភូមិវិញឲ្យបានគ្រប់ៗគ្នា។
លោករដ្ឋមន្រ្តី ក៏បានស្នើក្រុមហ៊ុនទាំងពីរ ចូលរួមអនុវត្តច្បាប់ការងារ និងលិខិតបទដ្ឋាននានា ឱ្យបានល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពរបស់ពលករឲ្យបានត្រឹមត្រូវ ទាំងក្នុងប្រទេស និងក្រៅប្រទេសកម្ពុជា។
សូមជម្រាបថា ក្នុងឆ្នាំ២០១៥-២០១៦នេះ ពលករដែលទៅធ្វើការស្របច្បាប់ នៅក្រៅប្រទេស មានដូចជា នៅប្រទេសថៃជាង៧០ ម៉ឺននាក់, ប្រទេសម៉ាឡេស៊ី ប្រហែល៥ម៉ឺននាក់, ប្រទេសកូរ៉េចំនួន៤ម៉ឺននាក់, ប្រទេសជប៉ុនជាង ២ពាន់នាក់ និង ប្រទេសសិង្ហបុរី ចំនួន៤រយនាក់៕