(ភ្នំពេញ)៖ នៅសាលសន្និសីទ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពរបស់ លោក ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗនៃការឃោសនាបោះឆ្នោត និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ចំនួន ៥ (ប្រាំ) ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី។

លោក ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានជម្រាបជូន អង្គប្រជុំថា ការឃោសនាបោះឆ្នោតមានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើការ ផ្សព្វផ្សាយកម្មវិធីនយោបាយជូនអ្នកបោះឆ្នោត និងជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។

លោក បន្តថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ការឃោសនាបោះឆ្នោតមានរយៈពេល ៨ (ប្រាំបី) ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

លោក ឯម សូផាត បានជម្រាបជូនបន្ថែមទៀតថា គោលការណ៍មួយចំនួនពាក់ព័ន្ធនឹងសកម្មភាពនៃការឃោសនាបោះឆ្នោត ជាអាទិ៍ការលើក ឬការបិទផ្សាយស្លាកសញ្ញាគណបក្ស នយោបាយ និងសម្ភារឃោសនាបោះឆ្នោត អំពីទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា និងអ្វីដែលគណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រត្រូវធ្វើ និងមិនត្រូវធ្វើ។

ពាក់ព័ន្ធនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការឃោសនា បោះឆ្នោត លោក ឯម សូផាត បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត ជនណាក៏ដោយ ឬតំណាងមានសិទ្ធិដាក់ពាក្យបណ្តឹងចំពោះជន ឬគណបក្សនយោបាយ ដែលបានប្រព្រឹត្តអំពើរំលោភច្បាប់ និងបទបញ្ជា និងនីតិវិធី។ ការដាក់ពាក្យបណ្តឹងត្រូវប្តឹងទៅ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃកើតហេតុ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹង គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រូវពិនិត្យលើពាក្យបណ្តឹង និងត្រូវដោះស្រាយក្នុងរយៈពេលបន្ទាន់សមស្រប។

ក្នុងករណីមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ភាគីវិវាទ ឬតំណាងអាចប្តឹងបន្តទៅ គ.ជ.ប ក្នុងរយៈពេល ៣ (បី) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង ឬសម្រង់សេចក្តីសម្រេច (ទម្រង់ ១២០៣) របស់ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត។

ចំពោះការដោះស្រាយពាក្យបណ្តឹងបន្តមក គ.ជ.ប លោក ឯម សូផាត បានមានប្រសាសន៍ថា គ.ជ.ប ត្រូវពិនិត្យជាបន្ទាន់លើពាក្យបណ្តឹង និងត្រូវកំណត់កាលបរិច្ឆេទសម្រាប់ដោះស្រាយក្នុងរយៈពេលបន្ទាន់សមស្របបន្ទាប់ពីបានទទួលពាក្យបណ្តឹង។

ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោតដូចបានរៀបរាប់ខាងលើ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា មុននឹងបិទបញ្ចប់កិច្ចប្រជុំ លោក ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានអំពាវនាវចំពោះគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត គណៈបញ្ជាការឯកភាព អាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំរបស់ គ.ជ.ប។

គណបក្សនយោបាយត្រូវមានភាពចាស់ទុំខាងនយោបាយ ក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោត។

គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ចំនួន ៥ (ប្រាំ) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ មានគណបក្ស ប្រជាជនកម្ពុជា គណបក្ស ភ្លើងទៀន និងគណបក្សហ៊្វុនស៊ិនប៉ិច៕