(ភ្នំពេញ)៖ រហូតពេលនេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលមានទីតាំងស្ថិតនៅខេត្តកណ្ដាល សម្រេចការសងសាង់បានប្រមាណជាង ៤៤ភាគរយហើយ។ នេះបើតាមការឲ្យដឹងពីលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។

ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល» នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោក នូវប៉េង ច័ន្ទតារា បានថ្លែងយ៉ាងដូច្នេះថា «ព្រលានយន្ដហោះថ្មី មកដល់ពេលនេះ យើងអនុវត្តបាន៤៤.៣ភាគរយ នៃព្រលានទាំងមូល»

ដោយឡែក ការដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយគម្រោងព្រលានយន្ដហោះនេះ សម្រេចបាន ៦៣.១ភាគរយ នៃទំហំផ្ទៃដីព្រលានទាំងមូល២,៦០០ហិកតា ស្មើនឹង១៦៤០ហិកតា។ ខណៈដីដែលកំពុងបន្ដដោះស្រាយជាមួយប្រជាពលរដ្ឋចំនួន ៣០២ហិកតា ស្មើនឹង១១ភាគរយ។ សម្រាប់ដីដែលគ្រប់គ្រងដោយក្រុមហ៊ុន ហើយប៉ះពាល់ជាមួយព្រលាន មានចំនួន ៦៥៧ហិកតា ស្មើនឹង២៥.២៦ភាគរយ។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់ទៀតថា ចំពោះដីដែលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត នឹងបន្ដព្យាយាមដោះស្រាយបន្ដទៀត ហើយការងារដោះស្រាយនេះ ដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្ដាលតែម្ដង។

សូមបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្ទៃដីសរុប២៦០០ហិកតា ហើយគម្រោងសាងសង់មាន៣ដំណាក់កាល។

ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១,៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ៕