(ភ្នំពេញ)៖ ភាគីកម្ពុជាបានភ្ជាប់កិច្ចសហប្រតិបត្តិការថ្មីជាមួយដៃគូលិចតិនស្ដាញ និងអង្គការ Swisscontact សម្រាប់រយៈពេល២ឆ្នាំ(២០២៣-២០២៤) ដើម្បីពង្រឹងការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈតាមប្រព័ន្ធឌីជីថល (TVET) ក្រោមការរំពឹងទុកថា តាមរយៈការអនុវត្តគម្រោងនេះនឹងជួយកែលម្អការបង្រៀនដោយប្រើប្រាស់សម្ភារសិក្សាឌីជីថល។

កិច្ចសហប្រតិបត្តិការនេះស្ដែងឡើងតាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពី សម្ភារឌីជីផលសម្រាប់ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (DLM4TVET) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយភ្នាក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED)។

លោក Pius Frick នាយកភ្នាក់ងារអភិវឌ្ឍន៍លិចតិនស្ដាញប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងសម្ភារឌីជីថលសម្រាប់ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ កំពុងអនុវត្តដោយអង្គការស្វីសខន់ថាក់ (Swisscontact) ដែលជាដៃគូរបស់ LED សហការជាមួយក្រសួងការងារកម្ពុជា ដើម្បីពង្រឹងការធ្វើឌីជីថលូបនីយកម្មសម្រាប់ប្រើប្រាស់ក្នុងការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

លោកថា អង្គការស្វីសខន់ថាក់បាននិងកំពុងផ្ដល់បច្ចេកទេស និងបណ្ដុះបណ្ដាលគ្រូបង្គោល TVET ដើម្បីឱ្យពួកគេមានជំនាញគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលបន្តដល់សិក្ខាកាមដទៃ។ ជាមួយគ្នានោះ អង្គការស្វីសខន់ថាក់ក៏នឹងរៀបចំជាប្រព័ន្ធកម្មវិធីឌីជីថលសម្រាប់ប្រើប្រាស់ក្នុងការអប់រំបណ្ដុះបណ្ដាលនោះផងដែរ។

លោក Pius Frick បានថ្លែងថា «សម្រាប់គម្រោងរយៈពេល២ឆ្នាំនេះ LED បានព្យាករថានឹងចំណាយថវិកាសរុបចំនួន ៥៥០,២៣២ដុល្លារ»

នាយក LED ប្រចាំកម្ពុជាបានបន្តថា ការមានសម្ភារសិក្សាល្អៗ គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអភិវឌ្ឍន៍ជំនាញ។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍសម្ភារសិក្សាប្រកបដោយគុណភាព ក៏ជាកិច្ចការដ៏លំបាកមួយដែលទាមទារឱ្យមានជំនាញគរុកោសល្យ និងបច្ចេកទេស-ធនធានហិរញ្ញវត្ថុគ្រប់គ្រាន់។ ដោយប្រើវិធីសាស្រ្តសិក្សាតាមរយៈការអនុវត្ត គម្រោងនេះនឹងអភិវឌ្ឍសម្ភារសិក្សាឌីជីថល ព្រមទាំងពង្រឹងជំនាញក្នុងស្រុកបន្ថែមទៀត និងធ្វើឱ្យមានការចូលរួមពីស្ថាប័នថ្នាក់ជាតិទទួលបន្ទុកនៅក្នុងជំហាននីមួយៗនៃដំណើរការ។

ទន្ទឹមនឹងនោះ លោក ហ៉ីង ស៉ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (អ.ប.វ) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា គម្រោង DLM4TVET នឹងកែលម្អការបង្រៀនដោយប្រើប្រាស់សម្ភារសិក្សាឌីជីថល រួមចំណែកក្នុងការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ លោកថា TVET បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដំណើរការនៃការពង្រឹងសេដ្ឋកិច្ច និងផ្ដល់ឱ្យប្រជាជននូវជំនាញត្រឹមត្រូវសម្រាប់ការទទួលបានភាពជោគជ័យក្នុងជីវភាព។

លោកបញ្ជាក់ថា ឌីជីថលូបនីយកម្មនៃប្រព័ន្ធអប់រំ គឺជាវិស័យអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានកំណត់នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥។

លោកអគ្គនាយកបានបង្ហាញការជឿជាក់ថា គម្រោងនេះនឹងគាំទ្រដល់ដំណើរការកំណែទម្រង់របស់ TVET នៅកម្ពុជា រួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពការងាររបស់កម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមតម្រូវការទីផ្សារការងាររបស់អាជីវកម្ម និងឧស្សាហកម្មក្នុងរយៈពេលមធ្យម និងរយៈពេលយូរ។ លើសពីនេះ គម្រោង DLM4TVET ក៏នឹងកែលម្អការបង្រៀនដោយប្រើប្រាស់សម្ភារសិក្សាឌីជីថលផងដែរ។

បើតាមលោក ហ៉ីង ស៉ីដេត អគ្គនាយកដ្ឋាន អ.ប.វ. ដែលមាននាយកដា្ឋនស្ដង់ដានិងកម្មវិធីសិក្សា (DSC) នឹងជ្រើសរើសគ្រឹះស្ថាន អ.ប.វ. (TTIs) ចំនួន១៤គ្រឹះស្ថានដែលឈានមុខគេក្នុងការធ្វើឌីជីថលូបនីយកម្មនេះ ដើម្បីផ្ដល់ការបណ្ដុះបណ្តាលដល់គ្រូបង្គោលសម្រាប់ជំនាញគរុកោសល្យ និងវិធីសាស្ត្របង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ហើយអាចបំពេញមុខងារជាជំនួយការលើផ្នែកបច្ចេកទេស ក៏ដូចជាលើការបង្រៀនពីវិធីសាស្ត្របង្រៀន និងការអភិវឌ្ឍសម្ភារឌីជីថលរួមគ្នាជាមួយគ្រូក្នុងគ្រឹះស្ថាន និងដើម្បីគាំទ្រពួកគេក្នុងការប្រើប្រាស់សម្ភារទាំងនេះឱ្យបានត្រឹមត្រូវ និងមានភាពសម្បូរបែប។

គួរជម្រាបថា ប្រទេសលិចតិនស្ដាញ គឺជាប្រទេសតូចមួយនៅទ្វីបអឺរ៉ុប ជាប់ជាមួយប្រទេសស្វ៉ីស អាល្លឺម៉ង់ និងអូទ្រីស។ ភ្នាក់ងារអភិវឌ្ឍន៍លិចតិនស្ដាញ (LED) បាននាំយកបទពិសោធន៍នៃការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈរបស់ខ្លួន មកចែករំលែកដល់ភាគីកម្ពុជាយ៉ាងច្រើន ខណៈប្រទេសនេះក៏ជាប្រទេសរីកចម្រើនផ្នែកឧស្សាហកម្មផងដែរ៕