(ត្បូងឃ្មុំ)៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរ ព្រមទាំងលោកបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកក្រូចឆ្មារ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោក យូ ស៊ុនឡុង និងលោកបណ្ឌិត ជាម ច័ន្ទ សោភ័ណ ព្រមទាំងក្រុមការងារបានចុះពិនិត្យ រៀបចំ ចាត់ចែង កំណត់ទីតាំង ដាក់ផែនការ ធ្វើយ៉ាងណាឲ្យពិធីសម្ពោធប្រព្រឹត្តិទៅដោយសុខសុវត្ថិភាព ដំណើរការកម្មវិធីបានរលូន តាមការគ្រោងទុក។

សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ជាន់ ស្មើ ១៥,១០ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ពាក់ព័ន្ធសមិទ្ធិផលថ្មីធំស្កឹមស្កៃ លើវិស័យសុខាភិបាលនេះ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងស្រុកក្រូចឆ្មារ បង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការទទួលបានសេវាសុខាភិបាលកម្រិតស្តង់ដារខ្ពស់ សម្ភារៈទំនើប និងក្រុមគ្រូពេទ្យជំនាញៗមកព្យាបាល ដោយមានទីតាំងនៅកៀកជិតនឹងផ្ទះរបស់បងប្អូន ជួយកាត់បន្ថយថវិកា និងពេលវេលា ក្នុងការធ្វើដំណើរ និងពិនិត្យព្យាបាល ក្រោមការគិតគូរបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់សន្តិភាព នៃកម្ពុជា៕