(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកទឹកចិត្តពន្ធ និងអាករ សម្រាប់សហគ្រាសធុនតូច និងមធ្យម»។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានលើកឡើងថា សិក្ខាសាលានេះ គឺជាសកម្មភាព គាំទ្រធុរកិច្ចមួយរបស់មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចដែលត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើម និងអនុសាសន៍ ដឹកនាំជាបន្តបន្ទាប់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ គឺជាសកម្មភាពលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលដៅបន្តពង្រឹងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, លើកកម្ពស់សហគ្រិនភាព និងសហគ្រាសបង្កើតថ្មី ដើម្បីជំរុញផលិតកម្មក្នុងស្រុក, តភ្ជាប់សហគ្រាសធុនតូច និងមធ្យម ជាមួយនឹងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងជំរុញការនាំចេញ។ រាជរដ្ឋាភិបាលបានដាក់ចេញ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥» ក្នុងនោះការពង្រឹង និងទំនើបកម្មសហគ្រាសធុនតូច និងមធ្យម គឺជាវិធានការគោលនយោបាយអាទិភាព។

តាមរយៈនេះ, រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្ត ក្នុងការបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យម (SME Cluster) និងបង្កើតយន្តការនានា ដើម្បីគាំទ្រ រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា, មូលនិធិអភិវឌ្ឍសហគ្រិន, មូលនិធិអភិវឌ្ឍន៍ជំនាញ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ», មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច, ព្រមទាំងរៀបចំលិខិតបទដ្ឋានគតិយុត្ត ពិសេសអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ និងគយ សម្រាប់សហគ្រាសធុនតូច និងមធ្យម។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានលើកឡើងថា ទោះបីយ៉ាងណា, សហគ្រាសធុនតូច និងមធ្យមនៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ជាអាទិ៍ ការទទួលបានឥណទាននៅមានកម្រិត, ប្រភពទុនវិនិយោគនៅមានភាពចង្អៀត, កង្វះសហគ្រិនភាព និងសមត្ថភាពគ្រប់គ្រងសហគ្រាសខ្លួនឯងផ្ទាល់ និងការលើកទឹកចិត្តពន្ធអាករមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ បញ្ហាប្រឈមទាំងនេះត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈការដាក់ចេញគោលនយោបាយ និងយន្តការនានា ។ ជាមួយនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្តជារួម តាមវិស័យអាទិភាព ពិសេសវិស័យកសិកម្ម និង ការលើកទឹកចិត្តដោយឡែក សម្រាប់សហគ្រាសធុនតូច និងមធ្យម។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានយល់ថា ការរៀបចំសិក្ខាសាលានេះ ជាកម្មវិធីមួយ ស្របជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានា ដើម្បីបន្តលើកកម្ពស់ការយល់ដឹង, បង្កើនសមត្ថភាព និងជំរុញការចូលរួមរបស់សហគ្រាស ក្នុងការទទួលបានការលើកទឹកចិត្ត។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច គឺជាអង្គភាពមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់កន្លែងប្រមូលផ្តុំគំនិតផ្តួចផ្តើមនានា ឲ្យនៅក្រោមហេដ្ឋារចនាសម្ព័ន្ធតែមួយ និងផ្តល់សេវាកម្ម និងអនុវត្តកម្មវិធី ឬគម្រោងគាំទ្រធុរកិច្ច ព្រមទាំងធ្វើការសម្របសម្រួល និងកិច្ចសហការក្នុងការអភិវឌ្ឍធុរកិច្ច។ ក្នុងន័យនេះ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសម្របសម្រួល និងកិច្ចសហការក្នុងចំណោមតួអង្គពាក់ព័ន្ធ ព្រមទាំងកិច្ចសហការ និងការគាំទ្រពីខ្មែរសហគ្រិន, អគ្គនាយកដ្ឋានពាក់ព័ន្ធ និងវិស័យឯកជន៕