(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានចុះឆែកឆេរទីតាំងពីរកន្លែង ដែលបានលក់ផលិតផលស្រាបៀរ Hoegaarden និង Leffe ដោយពុំមានច្បាប់អនុញ្ញាត។
ទីតាំងដែលបានចុះទៅឆែកឆេរនៅថ្ងៃទី០៧ ខែកក្កដា ម្សិលមិញនេះ រួមមាន៖ ទីតាំងទី១ នៅហាង «MUGOURMET» មានម្ចាស់ជាជនជាតិបារាំង ដែលជាអ្នកគ្រប់ គ្រង និងជាតំណាងឲ្យក្រុមហ៊ុន LSH Cambodia ដែលស្ថិតតាមបណ្តោយផ្លូវប៉ាស្ទើរ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ទីតាំងទី២ នៅឃ្លាំងរបស់ក្រុមហ៊ុន Dester Cambodia Group ដែលមានស្ថិតនៅផ្ទះលេខ 234-236, ផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ការចុះចាប់ និងរឹបអូសស្រាបៀរទាំងពីរប្រភេទនេះ ធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុន Auskhmer Import Export Co., Ltd. ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយ ស្រាបៀរទាំងពីរប្រភេទនេះ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Auskhmer Import Export ត្រូវបានក្រសួងពាណិជ្ជកម្មប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខប្រភេទស្រាបៀរ Hoengaarden និង Leffe កាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។
លោក ខៀវ វ៉ាន តំណាងក្រុមហ៊ុន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសិទ្ធិចែកចាយក្រុមហ៊ុន បានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីឲ្យអ្នកនាំចូលស្រាបៀរនេះបញ្ឈប់សកម្មភាពនាំចូលដោយខុសច្បាប់។
តំណាងក្រុមហ៊ុនរូបនេះ បានបន្តថា បើទោះបីជាមានការជូនដំណឹងយ៉ាងនេះ ក្តីក៏នៅតែមានជនខិលខូច បានលួចនាំចូលស្រាបៀរទាំងពីរប្រភេទ មកចែកចាយលើទីផ្សារកម្ពុជា ដោយពុំមានការអនុញ្ញាត ពីក្រុមហ៊ុន Auskhmer ដែលជាអ្នកទទួលសិទ្ធិចែកចាយនោះឡើយ ។
បន្ទាប់ពីសង្កេតឃើញមានការបំពានបែបនេះ ទើបក្រុមហ៊ុនឈានដល់ចាត់វិធានការ ចុះរឹបអូសស្រាបៀរទាំងអស់នេះ នៅតាមហាងដែលដាក់តាំងលក់ស្រាបៀរទាំងពីរប្រភេទ ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។
ប្រតិបត្តិការចុះរឹបអូសនាព្រឹកមិញ សមត្ថកិច្ចបានដកហូតស្រាបៀរ Hoegaardenបានចំនួន៩០ដប និងស្រាបៀរ Leffe បានចំនួន២៥៨ដបពីហាង «MU GOURMET»។ បន្ទាប់ពីចុះចាប់នៅហាង «MU GOURMET» កម្លាំងសមត្ថកិច្ចរួមជាមួយម្ចាស់ក្រុមហ៊ុន បានបន្តដំណើរចុះទៅឆែកឆេរនៅឃ្លាំង របស់ក្រុមហ៊ុន Dester Cambodia Group មួយកន្លែងទៀត គឺរឹបអូសបានស្រា Hoegaarden បានចំនួន ៣១២៤កេះ៕