(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៦គ្រួសារ នៅឃុំសំបូរ និងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

អភិបាលស្រុកបាធាយលោក ផេន សុផល ឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយខ្យល់យ៉ាងខ្លាំងបណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះ៣៦គ្រួសារ។ ក្នុងនោះនៅឃុំសំបូរ បានរងនូវផលប៉ះពាល់ចំនួន៤ភូមិ ស្នើនឹង ចំនួន ៣៣ខ្នង (រលំផ្ទះ ០៧ខ្នង របើកដំបូលផ្ទះ ២៥ខ្នង និងដំបូលសាលា០១ខ្នង) និងនៅភូមិតាពយ រលំផ្ទះ ០៣ខ្នង និងរបើកដំបូលផ្ទះ ០៩ខ្នង និងនៅភូមិបាឡាំង រលំផ្ទះ ០១ខ្នង និងរបើកដំបូលផ្ទះ ០៣ខ្នង នៅភូមិសង្កើប រលំផ្ទះ ០៣ខ្នង របើកដំបូលផ្ទះ១០ខ្នង និងសាលារៀន ០១ខ្នង នៅភូមិវាលរបើកដំបូល ០៣ខ្នង ឃុំតាំងក្រាំង ប៉ះពាល់ ចំនួន ០១ភូមិ របើកដំបូលផ្ទះ ចំនួន ០៣ខ្នង ភូមិជើងឆ្នុក របើកដំបូលផ្ទះ ៣ខ្នង។

អភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងថាទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេចតែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាកទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្កចំនួន ២៥ គីឡូក្រាម មី១កេស ទឹកត្រី១យួរ តង់១។ ដោយឡែកគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ០៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល គ្រួសារដែលរងគ្រោះមធ្យមចំនួន ២៨គ្រួសារ ក្នុង១គ្រួសារ ថវិកាចំនួន ១០០.០០០រៀលផងដែរ៕